ព័ត៌មានជាតិ

Update៖ នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន៤នាក់ ពាក់ព័ន្ធករណីហិង្សា លើនារីសង្ស័យលួចទូរស័ព្ទ នៅផ្សារព្រៃទា កសាងសំណុំរឿង បញ្ជូនតាមនីតិវិធី

ភ្នំពេញ៖អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ មនុស្ស៤នាក់ ត្រូវឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី ពាក់ព័ន្ធនិងករណីហិង្សលើនារីម្នាក់ ដែលសង្ស័យក្នុងករណី លួចទូរស័ព្ទក្នុងផ្សារព្រៃទា។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយពីទទួលបានបទបញ្ជា របស់ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច របស់លោក បានចុះទៅឃាត់ខ្លួនមនុស្ស៤នាក់ ដែលពាក់ព័ន្ធ និងករណីប្រើហិង្សា ទៅលើនារីម្នាក់នៅក្នុងផ្សារព្រៃទា ហើយការឃាត់ខ្លួនអ្នកពាក់ព័ន្ធនេះ ធ្វើឡើងតាមរយៈសកម្មភាព ដែលប្រព្រឹត្តក្នុងកាមរ៉ាវិដេអូ ដែលបានបង្ហោះ ។ ជនសង្ស័យទាំងបួននាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនតាមនីតិវិធីពីបទហិង្សាដោយចេតនា។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា អ្នកដែលឃាត់ខ្លួនទាំង៤នាក់ ពាក់ព័ន្ធនិងហិង្សានោះ ទី១.ស្ត្រីម្នាក់ដែល ស្រែកថាចោរ ហើយឲ្យចាប់កោរសក់ និងហុចកន្ត្រៃឲ្យ, ទី២.បុរសដែលស្លៀកកន្សែងក្រហម ធ្វើសកម្មភាពកោរសក់ និងទាត់ធាក់, ទី៣.បុរសវ័យចំណាស់ម្នាក់ ចូលរួមសកម្មភាពជួយចាប់ និងទី៤.បុរសម្នាក់ ចូលមកធ្វើសកម្មភាព ជួយចាប់ក្រោយគេ។

លោកអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជាក់ផងដែរ ដោយឡែកនារីវ័យក្មេង ដែលសង្ស័យក្នុងករណី លួចទូរស័ព្ទ មិនទាន់បានឃាត់ខ្លួននៅឡើយទេ ដោយតែពេលកើតហេតុ ពុំមានអ្នកប្តឹងមកសមត្ថកិច្ច ហើយក្រោយពេល ឃាត់ខ្លួនបាន នារីនោះត្រូវបានគេដោះលែងទៅវិញ ដូច្នេះសមត្ថកិច្ច គឺមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

គួររំលឹកថា តាមរយៈវិដេអូដែលបានបង្ហោះ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក យ៉ាងព្រោងព្រីតកាលពីថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញនេះ បានបង្ហាញអំពីសកម្មភាពអាជីវករក្នុងផ្សារព្រៃទា បានព័ទ្ធចាប់នារីវ័យក្មេងម្នាក់ ហើយឆែកឆេរបាននូវសម្ភារៈដែលលួចបាន បន្ទាប់មកបាននាំគ្នា ចាប់កោរសក់នាង ហើយថែមទាំងបានឆ្លៀតវាយ ទាត់ធាក់ផង ដោយមិនបានប្រគល់ឲ្យសមត្ថកិច្ចនោះទេ។

ក្រោយហេតុការណ៍ ត្រូវបានមហាជនមួយចំនួនរិះគន់ ទៅលើបុរសម្នាក់ ដែលព្យាយាមប្រើហិង្សា និងចាប់កោរសក់នារី ជាចោរម្នាក់នោះ ដែលមើលទៅហាក់បីដូចជាមិនសូវ សមភ្នែក ទាល់តែសោះ ដោយមានមតិមួយចំនួន មានការលើក ឡើងថា មិនគួរប្រើអំពើហិង្សាបែបនោះទេ គួរតែទុកឲ្យសមត្ថកិច្ច មកធ្វើការឃាត់ខ្លួនវិញ៕

ដោយ៖ស៊ាន កុសល

Facebook Comments

To Top