អន្តរជាតិ

អាមេរិកចោទរុស្ស៊ី ពីបទលាក់បាំងការបំពាន ទណ្ឌកម្មកូរ៉េខាងជើង

បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានចោទប្រកាន់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពីបទព្យាយាមលាក់បាំង ការដែលជនជាតិរុស្ស៊ីរំលោភបំពាន ទណ្ឌកម្មអង្គការសហប្រជាជាតិ លើប្រទេសកូរ៉េខាងជើង បន្ទាប់ពីទីក្រុងមូស្គូ បានជំរុញឲ្យមានការផ្លាស់ប្តូរ ចំពោះរបាយការណ៍ឯករាជ្យ ស្តីពីការបំពានទណ្ឌកម្ម ។

របាយការណ៍ ដែលប្រគល់ឲ្យ គណៈកម្មាធិការ ទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីខែមុន បាននិយាយថា ទីក្រុងព្យុងយ៉ាង មិនបានបញ្ជប់កម្មវិធីនុយក្លេអ៊ែ និងមីស៊ីលរបស់ខ្លួននោះទេ និងកំពុងតែបំពានទណ្ឌកម្ម អង្គការសហប្រជាជាតិ លើការនាំចេញ។

តាមសេចក្តីរាយការណ៍ ពីកាសែត រ៉យទ័រ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅពេលភ្លាមៗនេះ ប្រេសិតរុស្ស៊ីប្រចាំនៅ អង្គការសហប្រជាជាតិ មិនបានឆ្លើយតបចំពោះសំណើ សុំការអត្ថាធិប្បាយនោះទេ ចំណែកប្រធាននៃ គណៈកម្មាធិការឃ្លាំមើល ទណ្ឌកម្មយូអិនឯករាជ្យ ក៏មិនទាន់ឆ្លើយតបនឹង សំណើសុំការបំភ្លឺផងដែរ ៕

ដោយ៖ ប៉ាង កុង

Facebook Comments

To Top