ព័ត៌មានជាតិ

លោក អូន ព័ន្ធមុនីរ័ត្ន ៖ ឆ្នាំ២០១៨ នេះ សេដ្ឋកិច្ចកម្ពុជា នឹងបន្ដកំណើន ក្នុងរង្វង់អត្រា ៧,២%

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្ពុជាសម្រេចបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមក្នុងកម្រិត៧,៧% ដូច្នេះសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកថា នឹងបន្ដកំណើនរឹងមាំ ក្នុងរង្វង់អត្រា៧,២% ក្នុងឆ្នាំ២០១៨នេះ។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងសេដ្ឋកិច្ច។

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក ម៉ាបុប អាមេដ (Mr. Mahbub Ahmed) នាយកប្រតិបត្តិជំនួសប្រចាំ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ដែលកំពុងសម្រេចបាន នូវស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ក្នុងរយៈកាលជាង ពីរទសវត្សរ៍ ចុងក្រោយនេះ។

លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា“ កម្ពុជាសម្រេចបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ខ្ពស់ជាមធ្យម ក្នុងកម្រិត៧,៧% ក្នុងមួយឆ្នាំ។ហើយសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នៅបន្ដកំណើនរឹងមាំ ក្នុងរង្វង់អត្រា៧,២% ក្នុងឆ្នាំ២០១៨”។

លោកបន្ថែមថា បានធ្វើឲ្យផលិតផលសរុបក្នុងស្រុក សម្រាប់ប្រជាជនម្នាក់ៗ បានកើនឡើងជាង ៧ដង គឺប្រមាណជាង២០០ដុល្លារអាមេរិក នៅឆ្នាំ១៩៩២ ដល់ជិតប្រមាណ១៥០០ដុល្លារ អាមេរិកនៅ ឆ្នាំ២០១៨ ចំណែលឯអត្រាភាពក្រីក្រ បានធ្លាក់ចុះពីប្រមាណ៥០% ក្នុងឆ្នាំ១៩៩២ មកត្រឹមរង្វង់១៣,៥% ក្នុងឆ្នាំ២០១៤ ទោះបីត្រូវជួបប្រទះនូវបញ្ហាប្រឈម និងហានិភ័យ ពីខាងក្រៅ មួយចំនួនក៏ដោយ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានបន្ដទៀតថា សេដ្ឋកិច្ចកម្ពុជាសម្រេចបាន កំណើនខ្ពស់នេះ គឺផ្អែកលើមូលដ្ឋានសំខាន់ៗដូចជា ,ការធានាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងការបង្កើត បរិយាកាសអំណោចផល សម្រាប់ការអភិវឌ្ឍ ,គោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ច្បាស់លាស់ប្រកបដោយសង្គតិភាព និងការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច ព្រមទាំងការពង្រឹង និងលើកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ,ការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងការគាំពារសង្គម ,ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងទីក្រុង និងជនបទ។

ចំណែកលោក ម៉ាបុប អាមេដ ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអបអរសាទរ ចំពោះជោគជ័យដ៏ធំធេង របស់កម្ពុជា ក្នុងការបន្តរក្សា និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព រក្សាបាននូវសមធម៌ សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ៕
ដោយ៖អេង ប៊ូឆេង

Facebook Comments

To Top