សន្តិសុខ និង សង្គម

លោកបណ្ឌិត ឡី សុភាព ប្តេជ្ញាលើកកម្ពស់វិស័យ សុខាភិបាលកម្ពុជា និងគាំទ្រ ការដឹកនាំរបស់ថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល

ភ្នំពេញ៖ លោក ឡី សុភាព ប្រធានដឹកនាំដ៏សកម្ម សមាគមវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រ និងសមាគមអ្នកលក់ឱសថកម្ពុជា បានប្រកាសគោលជំហរគាំទ្រយ៉ាងមុតមាំ ចំពោះការដឹកនាំ របស់ក្រសួងសុខាភិបាល ដែលមាន លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី ព្រមទាំងបានប្ដេជ្ញាចូលរួម លើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង ថែមទៀត ។

គួរបញ្ជាក់ថា សមាគមវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្ត្រ ព្រមជាមួយនឹង សមាគមអ្នកលក់ឱសថកម្ពុជា គឺជាដៃគូឯកជនដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាលចំណេះដឹងច្បាប់ បទបញ្ជា នីតិវិធី និងវិធានានា ដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងវិស័យពាក់ព័ន្ធដទៃទៀត។

សមាគមទាំងពីរបញ្ជាក់ថា ទោះបីវិស័យសុខាភិបាលកម្ពុជា នៅមិនទាន់ឈានដល់ ដំណាក់កាលលេចធ្លោជាង បណ្ដាប្រទេសនានា យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែខិតខំប្រឹងប្រែង អភិវឌ្ឍន៍វិស័យដ៏ចម្បងមួយនេះជាប់ជាប្រចាំ។ មួយទៀតសោត ក្រសួងសុខាភិបាល ក្រោមការដឹកនាំ របស់លោក ម៉ម ប៊ុនហេង ក៏បាននិងកំពុងធ្វើឱ្យវិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែមានភាពល្អ ប្រសើរជាងមុនផងដែរ។

ក្នុងនាមប្រធានសមាគម លោកបណ្ឌិត ឡី សុភាព បានបញ្ជាក់ពីការប្ដេជ្ញាយ៉ាងមុតមាំ រួមចំណែកជាមួយរាជរដ្ឋាភិបាល អាណត្តិថ្មី ពិសេសក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់ វិស័យសុខាភិបាល ក៏ដូចជាចូលរួមក្នុងការបញ្ជ្រាបចំណេះដឹងនានា ក្នុងវិស័យសុខាភិបាល ឱ្យកាន់តែមានភាពល្អប្រសើរឡើង៕

ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top