កីឡា

បេក្ខភាពផ្ដាច់ព្រ័ត្រពាន KRE Cup សង្ឃឹមខ្ពស់រៀងខ្លួន ខណៈម្ចាស់ពានបង្ហើប ដំណឹងល្អមួយ!

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Khmer Real Estate Cup 2018 នឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រ រកក្រុមជើងឯក នាថ្ងៃទី១៦ ខែកញ្ញាចុងសប្ដាហ៍នេះហើយ ក្រោយរកឃើញក្រុមគ្រង តំណែងជើងឯកពាន ពាក់កណ្ដាលអាជីព Khmer Real Estate League រដូវកាលទី០៧ គឺក្រុម Avatar កាលពីថ្មីៗ ។ ទន្ទឹមជាមួយគ្នា បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រពាន KRE-Cup គឺក្រុម Khmer United និងក្រុម Bayon Wanderers សុទ្ធមានសង្ឃឹមខ្ពស់រៀងៗខ្លួន ក្នុងការដណ្ដើមជ័យជម្នះ ស្របពេលស្ថាបនិកពានលោកបណ្ឌិត គីម ហ៊ាង បានបង្ហើបដំណឹងដ៏ល្អមួយ សម្រាប់យុវជនមានបំណង ចង់ចូលរួមពានកម្រិតពាក់កណ្ដាល អាជីពនាចុងឆ្នាំនេះ ។

លោក កែវ សារិន គ្រូបង្វឹកក្រុម Khmer United បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារ TK Royal One កាលពីម្សិលមិញថា ទោះបីលោកទើបដឹកនាំ ប៉ុន្ដែលោកជឿជាក់លើកូនក្រុម ជាមួយនឹងការប្រើប្រាស់យុទ្ធសាស្ដ្រថ្មី ផ្សំជាមួយយុទ្ធសាស្ដ្រគ្រូចាស់ ដើម្បីទប់ទល់ជាមួយក្រុម ប្រជុំដោយកីឡាករបរទេសនេះ ។ លោកថា កីឡាករ Bayon មានកាយសម្បទាល្អ និងមានកម្លាំង ដូច្នេះលោកនឹងជំរុញកូន ក្រុមលេងបាល់លឿន និងខ្លីៗ ដើម្បីដាក់សម្ពាធទៅលើគូប្រកួតវិញ ។ ម្យ៉ាងលោកមិនសូវបារម្ភនោះទេ ព្រោះកាលនៅដឹកនាំស៊ីម៉ាក់ លោកក៏ធ្លាប់ដឹកនាំក្រុមចាស់ ជួបក្រុម Bayon Wanderers ជាច្រើនមកហើយដែរ ។

ឯកីឡាករ ឌួង ធារិទ្ធ ប្រធានក្រុម Khmer United បានលើកឡើងថា ក្រុមទាំងពីរ ធ្លាប់ជួបគ្នា ៣ដងរួចមកហើយ ក្នុងនោះឆ្នាំ២០១៧ ជួបគ្នាក្នុងវគ្គសន្សំពិន្ទុស្មើគ្នា ២-២ និងជួបគ្នាវគ្គផ្ដាច់ព្រ័ត្រ ក្រុមខ្លួនចាញ់ ៣-១ ។ តែឆ្នាំ២០១៨នេះ ជួបគ្នាក្នុងវគ្គសន្សំពិន្ទុ Khmer United បានយកឈ្នះ ៣-០ ដូច្នេះលោកបានចាត់ទុកនេះ គឺជាសញ្ញាណវិជ្ជមានមួយ ដែលជំរុញក្រុមទាំងមូល មានសង្ឃឹមខ្ពស់ក្នុង ការយកឈ្នះក្រុម Bayon Wanderers នៅក្នុងវគ្គផ្ដាច់ព្រ័ត្រចុងសប្ដាហ៍នេះ ។

ដោយឡែកកីឡាករ Egge តំណាងក្រុម Bayon Wanderers បានបញ្ជាក់ថា វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលក្រុមទាំងពីរ ត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ ដូចកាលពីឆ្នាំមុន ប៉ុន្ដែក្រុមលោកបាន ត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតនេះ ហើយក៏មិនមានការបារម្ភអ្វីដែរ ទោះបីពួកគេ បានបរាជ័យក្រោមថ្វីជើងក្រុម Khmer United ៣-០ កាលពីជួបគ្នាក្នុងវគ្គសន្សំពិន្ទុក៏ដោយ ។ លោកបន្ដថា ក្រុមទាំងពីរធ្លាប់ឈ្នះ-ចាញ់គ្នាម្ដងម្នាក់ ហេតុនេះជំនួបចុងសប្ដាហ៍នេះ នឹងមានភាពតានតឹង តែយ៉ាងណាការប្រកួត នឹងត្រូវឈរលើគោលការណ៍ Fair-Play ព្រោះក្រុមលោកចង់ផ្ដោតលើ ការរឹតចំណងមិត្តភាពច្រើន ជាងការចង់ឈ្នះ-ចាញ់ ។

ទន្ទឹមជាមួយគ្នាលោក គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និងជាស្ថាបនិកពាន បានថ្លែងថា ដោយសារក្រុមទាំងពីរ សុទ្ធតែជាក្រុមចាស់វស្សា និងមានភាពចាស់ទុំក្នុងពាននេះ លោកជឿជាក់ក្រុមទាំងពីរ នឹងធ្វើបានល្អរៀងៗខ្លួន ។ ប៉ុន្ដែក្នុងនាមម្ចាស់ក្លឹប Khmer United លោកក៏បានផ្ដាំផ្ញើដល់ក្រុម Bayon Wanderers សូមកុំបារម្ភអំពីការកាត់ក្ដីរបស់អាជ្ញាកណ្ដាលថា មានភាពលម្អៀងឬមិនសុក្រឹត ផ្ទុយទៅវិញ លោកបានជំរុញ និងស្នើឲ្យអាជ្ញាកណ្ដាល ត្រូវគោរពតួនាទីរបស់ខ្លួន អនុវត្តឲ្យបានច្បាស់លាស់បំផុត ដើម្បីចៀសវាងបញ្ហា តវ៉ាផ្សេងៗក្នុងការប្រកួត ។

បន្ថែមលើនេះលោកបាន បង្ហើបដំណឹងល្អមួយ គឺនៅចុងឆ្នាំ២០១៨នេះ លោកនឹងបង្កើតពានថ្មីមួយទៀត សម្រាប់ថ្នាលយុវជនវ័យក្មេង ចូលរួមប្រកួតប្រជែង ប៉ុន្ដែលោកមិនទាន់បញ្ជាក់ពីអាយុ ឬចំនួនក្រុមត្រូវចូលរួម នោះទេ គ្រាតែលោកអះអាងថា ចាប់ពីឆ្នាំ២០១៨នេះ តទៅ ក្រុមហ៊ុន Khmer Real Estate នឹងមានរៀបចំពានចំនួន ២ ជារៀងរាល់ឆ្នាំ គឺពានរង្វាន់ Khmer Real Estate សម្រាប់មនុស្សធំមួយ និងពានរង្វាន់ Khmer Real Estate សម្រាប់យុវជនមួយ ដើម្បីរួមចំណែកកសាងធនធានមនុស្ស និងជំរុញវិស័យកីឡាបាល់ទាត់ កម្ពុជាឲ្យកាន់តែរីកចម្រើន ។

សូមបញ្ជាក់ថា ពាន Khmer Real Estate League បានរកឃើញក្រុមជើងឯកហើយ គឺក្រុម Avatar FC បន្ទាប់ពីធ្វើការប្រកួតសន្សំពិន្ទុចំនួន ១៩សប្ដាហ៍រកបាន ៥០ពិន្ទុច្រើនជាងគេ ។ ប៉ុន្ដែពានរង្វាន់ Khmer Real Estate Cup 2018 ដែលជាការប្រកួត Play-Off រវាងក្រុមឈរលេខ២ ដល់លេខ៥ នឹងរកឃើញជើងឯក នាចុងសប្ដាហ៍នេះ ខណៈការប្រកួតផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅលើទីលានដុនបូស្កូ នាថ្ងៃអាទិត្យនេះ ហើយនៅថ្ងៃជាមួយគ្នានោះ ក្រុម Blue Dragon និងក្រុម Riel PP ក៏ត្រូវជួបគ្នាដណ្ដើម ចំណាត់ថ្នាក់លេខ៣ ផងដែរ ៕

Facebook Comments

To Top