ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូ នៅប៉ោយប៉ែតម្នាក់ ត្រូវនគរបាល ចាប់ខ្លួន ពាក់ពន្ធ័ករណី ជួញដូរថ្នាំញៀន

បន្ទាយមានជ័យៈ បុគ្គលិកកាស៊ីណូ នៅជាយដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្នាក់ ត្រូវបានកម្លាំងនគរបាល ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយពីរកឃើញថា ជនសង្ស័យជាប់ពន្ធ័ករណីជួញដូរថ្នាំញៀន។

លោក ឌី វ៉ាន់ឆា នាយផ្នែកនគរបាលប្រឆាំង គ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចយើង ចាប់ខ្លួនមានឈ្មោះ សាយ រតនា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរជា បុគ្គលិកកាស៊ីណូមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត។

លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីវេលា ម៉ោង២១យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ខណ:ដែលជនសង្ស័យបានជិះម៉ូតូឆ្លងកាត់ បារ៉ាស់ត្រួតពិនិត្យអាវុធជាតិផ្ទះ ចំនុចក្រោយផ្ទះសំណាក់លីហូវ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត។

លោកបន្តថា ខណ:នោះជនសង្ស័យបានព្យាយាម បើករត់តែត្រូវកម្លាំងនគរបាលយើងឃាត់ជាប់និងបានធ្វើការ ឆែកឆរ ហើយរកឃើញថ្នាំញៀនម្ស៉ៅសថ្លា ០៤ថង់តូច ជញ្ជីង១គ្រឿង ទូរសព្ទ័១គ្រឿង ការបូប១ ភ្លាមៗនោះកម្លាំង សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរួមទាំង វត្ថុតាងយកមកសួរនាំ។

បច្ចុប្បន្នក្រោយសួរនាំ រកឃើញថា ជនសង្ស័យជាមុខសញ្ញា លក់ចែកចាយថ្នាំញៀន កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្ត តាមច្បាប់៕ ប៊ុន សំណាង

Facebook Comments

To Top