ព័ត៌មានជាតិ

នាយកដ្ឋានអង្គរក្ស ៖ អង្គរក្ស ត្រូវហ៊ានលះបង់អាយុជីវិត ដើម្បីការពារមេដឹកនាំ

ភ្នំពេញ ៖ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានអះអាថា អង្គរក្សដាច់ខាត់ ត្រូវហ៊ានលះបង់អាយុជីវិត ដើម្បីការពារមេដឹកនាំរបស់ខ្លួន មិនត្រូវធ្វេសប្រហែសឡើយ ដូច្នេះ អង្គរក្សទាំងអស់ ត្រូវដឹងពីរបៀបការពារ នាយករដ្ឋមន្ត្រី ,ប្រធានាធិបតី ,ព្រះមហាក្សត្រយ៉ាង នេះបើយោងតាមការចេញផ្សាយ របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ។

ក្នុងកម្មវិធីប្រកាសមុខតំណែង និងបំពាក់ឋានន្ទរស័ក្តិជូនដល់ នាយនគរបាលរង នៃនាយកដ្ឋានអង្គរក្ស នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក ទួច ណារ៉ុថ បានបញ្ជាក់ថា អង្គរក្សគ្រប់រូបត្រូវតែមានជំនាញ ការពារអាយុជីវិតរបស់ថ្នាក់ដឹកនាំ គ្រប់កាលៈទេសៈទាំងអស់ ខណៈអង្គរក្សត្រូវបានគេទុកចិត្ត ខ្លាំងជាងប្រពន្ធកូនរបស់ពួកគេ ដូច្នេះអង្គរក្សមិនត្រូវធ្វេសប្រហែសឡើយ។

លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ទៀតថា “ក្នុងនាមជាអង្គរក្ស ដាច់ខាត់ត្រូវហ៊ាន លះបង់អាយុជីវិតការពារមេ និងថ្នាក់ដឹកនាំរបស់ខ្លួន មិនត្រូវធ្វេសប្រហែសនោះទេ ហើយក៏ត្រូវដឹងរបៀបនៃការពារ ,នាយករដ្ឋមន្ត្រីយ៉ាងម៉េច ,ប្រធានាធិបតីយ៉ាងម៉េច និងព្រះមហាក្សត្រយ៉ាងម៉េចផងដែរ”។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ ក៏បានជំរុញ ដល់នគរបាលដែលជាអង្គរក្សទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងការហ្វឹកហាត់រាល់ជំនាញ ដែលត្រូវទាក់ទងនឹងភារៈកិច្ចរបស់ខ្លួន ហើយដាច់ខាតត្រូវតែធានា ឲ្យបាននូវសុវត្ថិភាពដល់ថ្នាក់ដឹកនាំ ទាំងជាតិ និងអន្តរជាតិ ដែលថ្នាក់លើបានប្រគល់ជូននោះ។

បើតាមលោកឧត្តមសេនីយ៍ឯក នាពេលបច្ចុប្បន្ន នគរបាលអង្គរក្ស ត្រូវបានបញ្ជូនឲ្យទៅបណ្តុះបណ្តាល ជំនាញនៅប្រទេសជាមិត្តិមួយចំនួន ដូចជា ប្រទេសចិន ម៉ាឡេស៊ី និងប្រទេសវៀតណាម ជាដើម ។ ក្រៅពីបញ្ជូនទៅបណ្តុះបណ្តាលជំនាញនៅក្រៅប្រទេស ក៏មានគ្រួបង្វឹកពីបរទេស មកធ្វើការបណ្តុះបណ្តាល ដោយផ្ទាល់នៅប្រទេសកម្ពុជាផងដែរ៕
ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top