កីឡា

ក្រោយជម្រើសជាតិ រំសាយ C-League បន្ដការប្រកួត ចុងសប្ដាហ៍នេះ

ភ្នំពេញ៖ ការប្រកួតក្របខណ្ឌលីគកំពូល កម្ពុជា(C-League) នឹងចាប់ផ្ដើមការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី២០ នាចុងសប្ដាហ៍នេះហើយ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ភារកិច្ច និងបានរំសាយ ក្រោយជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីដើមសប្ដាហ៍កន្លងទៅ ។ នេះបើយោងតាម កម្មវិធីប្រកួតរបស់គណៈកម្មការ ប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ។

ចំពោះកម្មវិធីប្រកួត សប្ដាហ៍ទី២០ គឺមានថ្ងៃទី១៥ ខែកញ្ញា មាន ៣ប្រកួតសុទ្ធតែគូជក់ចិត្ត រួមមានណាហ្គាវើល ជួបក្រសួងការពារជាតិ និងក្រុមវិសាខា ជួបក្រុមប៉ូលិស នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមព្រះខ័នរាជស្វាយរៀង ប៉ះសូលទីឡូអង្គរ នៅកីឡដ្ឋានខេត្តស្វាយរៀង ។ ថ្ងៃទី១៦ ខែកញ្ញាមាន ៣ប្រកួតដូចគ្នា គឺបឹងកេត ជួបអគ្គិសនីកម្ពុជា និងក្រុមអាស៊ីអឺរ៉ុប ជួបភ្នំពេញក្រោន នៅទីលានពហុកីឡដ្ឋានជាតិ និងក្រុមវេស្ទើន បើកទ្វារផ្ទះទទួលក្រុមអង្គរថាយហ្គឺរ ។

បើក្រឡេកមកមើលលទ្ធផល បណ្ដោះអាសន្នពេលនេះ គិតត្រឹមសប្ដាហ៍ទី១៩ ណាហ្គាវើលកំពុងឈរកំពូល តារាងមាន ៤៧ពិន្ទុ, ក្រុមការពារតំណែងជើងឯក បឹងកេតឈរលេខ២ មាន ៤៥ពិន្ទុ និងក្រុមវិសាខា ឈរលេខ៣ មាន ៤២ពិន្ទុ និងក្រសួងការពារជាតិ ឈរលេខរៀងទី៤ មាន ៣៩ពិន្ទុ ។ ដូច្នេះចាំមើល តើសប្ដាហ៍នេះ ក្រុមណាខ្លះ នឹងរកបាន ៣ពិន្ទុបន្ថែម?៕

Facebook Comments

To Top