ព័ត៌មានជាតិ

ក្រសួងបរិស្ថាន អំពាវនាវដល់ម្ចាស់ ការដ្ឋានសំណង់ផ្សេងៗ គ្រប់គ្រងដី ដែជាកំណាយពីការដ្ឋាន សាងសង់ របស់ខ្លួនឱ្យបានល្អ

ភ្នំពេញ៖ ស្របពេលស្ថានភាព ទឹកសមុទ្រល្អក់ នៅតំបន់មួយចំនួន នៃឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ដោយសារតែទឹកភ្លៀង ធ្លាក់ខ្លាំង នាំយកដីចេញពីការដ្ឋានសាងសង់មួយចំនួន ក្រសួងបរិស្ថាន បានធ្វើការអំពាវនាវ ដល់ម្ចាស់ការដ្ឋានសំណង់ ឱ្យមានការគ្រប់គ្រងដីដែលជាកំណាយពីការដ្ឋានសាងសង់របស់ខ្លួន ឱ្យបានល្អប្រសើរ។

យោងតាមបណ្ដាញទំនាក់ទំនង ហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី១៤ខែ កញ្ញាឆ្នាំ២០១៨ ថា ខេត្តព្រះសីហនុបច្ចុប្បន្ននេះ មានការអភិវឌ្ឍ និងមានការដ្ឋានសាងសង់ បុកគ្រឹះជាច្រើន ដែលជាហេតុពេលភ្លៀងខ្លាំង នាំឱ្យមានការច្រោះដីទៅជាមួយខ្លះ។ បញ្ហានេះមិនមានអ្វីដែលគួរឱ្យ ព្រួយបារម្ភនិងប៉ះពាល់ ដល់ទឹកសមុទ្រទេ។

ក្រសួងបានបន្តថា « ទន្ទឹមនឹងនេះក្រសួងបរិស្ថាន ក៏បន្តយកចិត្តទុកដាក់ និងណែនាំ ដល់ម្ចាស់ការដ្ឋានសំណង់ផ្សេងៗ ឱ្យគ្រប់គ្រងដីដែជាកំណាយពីការដ្ឋានសាងសង់របស់ខ្លួនឱ្យបានល្អ »។

ប្រភពដដែល បានសង្កត់ធ្ងន់ថា ប្រសិនបើរកឃើញថាការដ្ឋានសាងសង់ណាមួយល្មើសនឹងច្បាប់ នឹងប្រឈមមុខនឹងវិធានការផ្សេងៗ ដូចជាការអប់រំ និងពិន័យជាប្រាក់ជាដើម។

សូមបញ្ជាក់ថា តំបន់ខ្លះនៃឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ទឹកមានសភាពល្អក់ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ នៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃ ដែលបានច្រោះដីមួយចំនួនចេញពីការដ្ឋានសាងសង់នានាទៅជាមួយ ហើយហូរចូលទៅក្នុងអូរ និងប្រឡាយ នាំយកចូលទៅក្នុងសមុទ្រ៕ ដោយ៖ធី លីថូ

Facebook Comments

To Top