នយោបាយ

សមាគមយុវជនសេដ្ឋកិច្ចកម្ពុជា គាំទ្រជំហរយ៉ាងមុតមាំ នៃការដឹកនាំ របស់រាជរដ្ឋាភិបាល អាណត្តិទី៦

ភ្នំពេញ៖ សមាគមវិនិយោគិន និងសមាគមយុវជនសេដ្ឋកិច្ច ដែលមាន លោកបណ្ឌិត ឡី សុភាព ជាប្រធាន ប្រកាសគោលជំហរយ៉ាងមុតមាំ គាំទ្រ ការដឹកនាំ និងអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិត ឡី សុភាព បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យ ប្រទេសកម្ពុជា នៅតែបន្តមានសុខសន្តិភាពពេញផ្ទៃប្រទេស មានស្ថិរភាពពេញលេញ ខាងផ្នែកនយោបាយ និងបន្តការអភិវឌ្ឍ ប្រកបដោយចីរភាព។

លោកបន្តថា សមាគមក៏សូមប្រកាសជំហរគាំទ្រចំពោះយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យជីវភាព ប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពរីកចម្រើន បង្កើនសក្ដានុពលខាងធនធានមនុស្ស ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធហេដ្ឋានរចនាសម្ពន្ធកាន់តែច្រើនសម្បូរបែប សេវាផ្គត់ផ្គង់ថាមពល និងប្រព័ន្ធទឹកស្អាតកាន់តែខិតជិតទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ព្រមទាំងបង្កើនការលើកកម្ពស់វិស័យអប់រំ វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិស័យទេសចរណ៍ វិស័យសុខាភិបាល វិស័យកសិកម្ម ក៏ដូចជាវិស័យនានាជាច្រើនទៀតផងដែរ។

សមាគមទាំងពីរ ក្រោមការដឹកនាំ ដោយលោកបណ្ឌិត ឡី សុភាព បានប្ដេជ្ញាយ៉ាងមុតមាំ រួមចំណែកជាមួយរាជរដ្ឋាភិបាល អាណត្តិថ្មី ក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យសុខាភិបាល និងវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង៕

ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top