ព័ត៌មានជាតិ

គោលដៅសំខាន់ៗ ដែលជនជាតិចិន​ ជាង៥ម៉ឺននាក់ មកកម្ពុជា នៅចុងឆ្នាំ២០១៨ ភ្នំពេញ ព្រះសីហនុ និងសៀមរាប

ភ្នំពេញ៖នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា នៅចុងឆ្នាំ២០១៨នេះ ជនជាតិចិននឹង​មកកម្ពុជាប្រមាណជាង៥ម៉ឺននាក់ ដើម្បីប្រកបអាជីវកម្មផ្សេងៗ ខណៈកម្ពុជាមានថៅកែចិន កំពុងសាងសង់អាគារធំៗជាច្រើន ហើយ​គោលដៅសំខាន់ៗដែលចិនឆ្ពោះមកនោះ គឺនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយនាយនគរបាលជាន់ខ្ពស់ និងនាយកនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក សុខ ផល បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ ចិននៅកម្ពុជាជាង១០ម៉ឺននាក់ ក៏ប៉ុន្ដែឆមាសទី២ ឆ្នាំ២០១៨ ចិនបានកើនឡើង​ដល់២១ម៉ឺននាក់ ក្នុងចំណោម២១ម៉ឺននាក់នោះ ខេត្តព្រះសីហនុ មានជនជាតិចិនជាង៨ម៉ឺននាក់ ខណៈចិនមានបណ្ណការងារ​នៅខេត្តព្រះសីហនុជាង២ម៉ឺននាក់។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល មានប្រសាសន៍ថា “ពីនេះទៅដល់ដាច់ឆ្នាំ២០១៨ គឺអ្នកធ្វើមុខរបរ៥ម៉ឺននាក់ទៀត នឹងមកដល់កម្ពុជា (ជនជាតិចិន) ចឹងត្រៀមខ្លួនឲ្យហើយទៅ៥ម៉ឺននាក់ទៀត ចែកទៅកំពងសោម៥០ភាគរយ ។ កំពងសោមគិតទៅ១០ម៉ឺននាក់បាត់ គាត់មានផែនការច្បាស់លាស់ណាស់ ព្រោះសំណង់ឥឡូវកំពុងធ្វើច្រើនគឺសំណង់អនឡាញ”។

លោកបន្ដថា គោលដៅសំខាន់ៗ ចំនួន៣នៅកម្ពុជា រួមមាន ទី១-ភ្នំពេញ ,ទី២-សៀមរាប និងទី៣-ព្រះសីហនុដែលជាគោលដៅរបស់ចិន ក្នុងការវិយោគ ដូច្នេះគោលដៅទាំងនេះ ប្រសិនបើជនជាតិចិនណាមួយប្រព្រឹត្តខុសទៅនឹងច្បាប់របស់កម្ពុជា គឺដឹកតាមយន្ដហោះ ទៅប្រទេសចិនភ្លាមៗតែម្តង។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រូវការ​អ្នកវិនិយោគមកកម្ពុជាច្រើន ដើម្បីបង្កើនការងារឲ្យប្រជាពលរដ្ឋ ពិសេសធ្វើឲ្យកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងក្លា។

ចំណែក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានសន្យាធានាដល់ការគ្រប់គ្រងឲ្យបានច្បាស់លាស់ ក្នុងការចេញ-ចូលនូវជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ទាំងអស់មិនថា តាមព្រំដែនទឹក និងគោកនោះឡើយ ខណៈក្រសួងមហាផ្ទៃអំពាវនាវ​ឲ្យនគរបាលអន្តោប្រវេសន៍មានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជនជាតិចិនខុសច្បាប់មួយ​ចំនួននៅខេត្តព្រះសីហនុ។

បើយោងតាមការព្យាករណ៍ របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រទេសចិននឹងក្លាយជាប្រទេស​ដែលនឹងទទួលទេសចរ​អន្តរជាតិច្រើនជាងគេ និងមានភ្ញៀវទេសចរចេញទៅក្រៅប្រទេស​ច្រើនជាងគេនៅលើពិភពលោក​គឺប្រមាណ២០០លាននាក់នៅឆ្នាំ២០២០។ ក្នុងនោះភ្ញៀវទេសចរចិននឹងចំណាយប្រាក់៤២០ប៊ីលានដុល្លារ។

សូមរំលឹកថា ទំហំពាណិជ្ជកម្ម កម្ពុជា-ចិន នឹងកើនឡើងដល់៦,០០០លានដុល្លារ នៅឆ្នាំ២០២០ ខណៈកម្ពុជាមានមហិច្ឆតាចង់ស្រូប​យកទេសចរចិនឲ្យបានដល់១លាននាក់កាលឆ្នាំ២០១៧ នឹងឈានដល់២លាននាក់នៅឆ្នាំ២០២០ ៕

ដោយ៖ អេងប៊ូឆេង

Facebook Comments

To Top