ព័ត៌មានជាតិ

៧ខែ ក្រុមហ៊ុនសាងសង់ចុះបញ្ជី នៅក្រសួងដែនដី ជាង២ពាន់ក្រុមហ៊ុន

ភ្នំពេញ ៖ អគ្គលេខាធិការ ក្រុមប្រឹក្សាភិបាល ស្ថាបត្យករកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ភឿន សោភ័ណ បានបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០១៨ មានក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម បានមកចុះបញ្ជីនៅក្រសួងរៀបចំដែនដី មានចំនួន២២២៨ ខណៈក្រុមហ៊ុនមានសុពលភាព ចំនួន១០៧២ផងដែរ។

ក្នុងពិធីតាំងពិព័រណ៍ CAMBUILD 2018 បើកសម្ពោធដាក់តាំងជាផ្លូវការ នូវផលិតផល សេវាកម្ម និងបច្ចេកវិទ្យា ក្នុងការជួយពន្លឿនដល់ការអភិវឌ្ឍគម្រោង ទីក្រុងវៃឆ្លាតនៅកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោក ភឿន សោភ័ណ បានថ្លែងថា ៧ខែ ឆ្នាំ២០១៨ វិស័យសំណងមានកំណើន ដល់១៣១,៥៩% បើធៀបទៅនឹងឆ្នាំ២០១៧។

លោកមានប្រសាសន៍ថា “ក្នុងរយៈពេលដូចគ្នានៅទូទាំង ប្រទេស មានក្រុមហ៊ុន ប្រកបអាជីវកម្មសាងសង់ និងសិក្សា គម្រោងប្លង់ស្ថាបត្យកម្ម បានមកចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួន២២២៨ ក្រុមហ៊ុន មានសុពលភាពចំនួន១០៧២ ក្រុមហ៊ុន ក្នុងនោះចំណាក់ថ្នាក់លេខ១មកពីប្រទេសចិន”។

លោក ភឿន សោភ័ណ បន្ដថា សន្ទុះនៃការរីកចម្រើនក្នុងវិស័យ ស្ថាបត្យកម្មសំណង់ នឹងកកើតនៅក្នុងទីក្រុងថ្មីៗ ដ៏ច្រើននេះ តាមសេចក្ដីត្រូវការនូវបច្ចេកទេស បច្ចេកវិទ្យាទំនើប និងសម្ភារៈសំណង សម្បូរបែបជាកត្តាចាំបាច់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតភាព និងគុណភាពការងារ ក្នុងវិស័យ ស្ថាបត្យកម្មសំណង់ ដើម្បីឆ្លើយតបទៅនឹងស្ដងដារជាតិ និងអន្ដរជា ពិសេសឆ្លើយតប ទៅនឹងទីក្រុងឆ្លាតវៃ (SMART CITY) ។

ឆ្លៀតឱកាសនោះដែរ លោក Andrew Siow អគ្គនាយកក្រុមហ៊ុន AMB បានថ្លែងថា “យើងសូមលើកទឹកចិត្តគ្រប់ៗគ្នា ឲ្យមកទស្សនាពិព័រណ៌ CAMBUILD 2018 ពីព្រោះអ្នកអាចទស្សនាមិនត្រឹមតែការផ្គត់ផ្គង់ គ្រឿងសំណង់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានការដាក់បង្ហាញនូវ ផលិតផលដែលពាក់ព័ន្ធជាច្រើន សម្រាប់ប្រើ ប្រាស់ ក្នុងផ្ទះ ការិយាល័យរោងចក្រ សណ្ឋាគារ និងអគារពាណិជ្ជកម្មផងដែរ”។

លោកបន្ថែមថា ការតាំងពិព័រណ៍ CAMBUILD 2018 មានជាង៣៥០ក្រុមហ៊ុន និងម៉ាកផលិតផល អន្ដរជាតិមកពី២៣ប្រទេស រួមមាន៖ផលិតផលផ្នែក អគ្គិសនី និងវិស្វកម្ម ប្រព័ន្ធទឹកស្អាត ប្រព័ន្ធសុវត្ថិភាព គ្រឿងពន្លត់អគ្គិភ័យ ម៉ាស៊ីនត្រជាក់ និងបន្សុតខ្យល់នឹងត្រូវបាន ដាក់តាំងបង្ហាញ។

សូមរំលឹកថា ការតាំងពិព័រណ៍ CAMBUILD 2018 ចាប់ពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០១៨ ដោយនឹងមានអ្នកចូលរួមទស្សនាជាង១០០០០នាក់៕ ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top