នយោបាយ

៣ប្រទេសទៀត ផ្ញើសារសាទរសម្តេចតេជោ បន្តដឹកនាំប្រទេសអាណត្តិទី៦

ភ្នំពេញ៖ ប្រទេស៣ទៀតហើយ គឺកូរ៉េខាងត្បូង មីយ៉ាន់ម៉ា និងប៉ាឡេស្ទីន បានផ្ញើសារសម្តែង ការអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសរដ្ឋសភាជាតិកម្ពុជា ផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្រ្តីអាណត្តិទី៦ ។

សម្តេចតេជោ ត្រូវបានរដ្ឋសភា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨បានផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្រ្តី អាណត្តិថ្មី ហើយមានការសាទរជាច្រើន ពីប្រទេសមហាអំណាច និងប្រទេសក្បែរ ខាងជាច្រើនផងដែរ ។

យោងតាមសារលិខិត អបអរសាទរ របស់លោក មូន ចេ អ៊ីន នៅថ្ងៃទី៦ កញ្ញា ដែលបានចេញផ្សាយ នៅថ្ងៃទី១២ កញ្ញា បានសរសេរថា តាមនាមឲ្យរដ្ឋភិបាល និងប្រជាជនកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានអបអរសាទរ ដ៏ស្មោះត្រង់ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា និងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ។

លោកប្រធានាធិបតី កូរ៉េខាងត្បូង បញ្ជាក់ថា “ខ្ញុំជឿជាក់ថា ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ នឹងដឹកនាំប្រទេសកម្ពុជា ឱ្យឈានទៅជាប្រទេស ដែលរីកចម្រើន ប្រកបដោយនិរន្តរភាព” ។

លោកបន្ថែមថា លោកមានក្តីរីករាយ ដោយកូរ៉េនិងកម្ពុជា បាននិងកំពុងតែកសាងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ប្រកបដោយមិត្តភាព ដ៏រឹងមាំលើវិស័យជាច្រើន បន្ទាប់ពីបង្កើត ទំនាក់ទំនង ការទូតឡើងវិញ កាលពីឆ្នាំ១៩៩៧ កន្លងមក ដូច្នេះខ្ញុំសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះចំណាប់អារម្មណ៍ និងការគាំទ្រដ៏វិសេសវិសាល របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដល់ការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

លោកបង្ហាញក្តីសង្ឃឹមថា លោកនិងសម្តេចតេជោ នឹងសហការគ្នាក្នុងការអភិវឌ្ឍ ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ប្រកបដោយអត្ថប្រយោជន៍ និងទិសដៅឆ្ពោះទៅ ថ្ងៃអនាគត កាន់តែច្រើនថែមទៀត ។

ចំណែកទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា លោកស្រី អួង សានស៊ូជី ក៏បានផ្ញើសារលិខិត អបអរសាទរ ចំពោះសម្ដេចតេជោដែរ។

យោងតាមលិខិត របស់ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានឲ្យដឹងថា “ខ្ញុំមានកិត្តិយសសូម សម្ដែងអំណរសាទរ ជូនចំពោះសម្ដេចជោ ក្នុងឱកាសដែលសម្ដេចជោ ត្រូវបានបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សារជាថ្មី និងសូមជូនពរសម្ដេចតេជោ និងប្រជាជនកម្ពុជា បន្តទទួលបាន នូវការអភិវឌ្ឍ សន្តិភាព និងវិបុលភាព” ។

តាមលិខិតបានបន្តថា សហភាពមីយ៉ាន់ម៉ា នឹងបន្តធ្វើកិច្ចការងារ ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង ជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជានៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងដើម្បីផលប្រយោជន៍រួម របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ ។

សម្រាប់នាយករដ្ឋមន្រ្តី ប៉ាឡេស្ទីន លោក Rami Hamdallahវិញ បានលើកឡើងដែរថា “ក្នុងនាម រដ្ឋាភិបាលប៉ាឡេស្ទីន និងខ្លួនខ្ញុំផ្ទាល់ បានអបអរសាទរ ដ៏ស្មោះត្រង់ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា និងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី” ៕

Facebook Comments

To Top