ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញបំពេញ ទស្សនកិច្ចការងារ នៅជប៉ុន ចាប់ពីថ្ងៃទី១៨ -១៩ កញ្ញា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរ នឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចការងារ នៅប្រទេស ជប៉ុន ពីថ្ងៃទី ១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ តបតាមការអញ្ជើញ របស់រដ្ឋាភិបាលជប៉ុន ។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១២ កញ្ញានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលស្នាក់នៅ ប្រទេសជប៉ុន លោកឧបនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគី ជាមួយសមភាគី ជាមួយលោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងបន្តដោយការ ពិសាអាហារថ្ងៃត្រង់ការងារ។
ដោយឈរលើមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដ៏យូរលង់ រដ្ឋមន្រ្តីទាំងពីរ នឹងធ្វើការពិភាក្សាត្រង់ទៅ ត្រង់មក និងផ្លាស់ប្តូរទស្សនៈគ្នាសំដៅ ពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ ទៅវិញទៅមក ដល់ប្រជាជន និងប្រទេសទាំងពីរ ។

លោកឧបនាយករដ្ឋមន្រ្តី ក៏មានគំរោងជួបជាមួយ ឥស្សរជនសំខាន់ៗរបស់ជប៉ុន ដូចជា លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភា កម្ពុជា-ជប៉ុន លោក ម៉ាសាហ៊ីកូ កូមួរ៉ា អនុប្រធាន គណបក្សប្រជាធិបតេយ្យសេរី (LDP) ។

គួរកត់សំគាល់ថា កម្ពុជា និងជប៉ុនបានបង្កើតភាពជា ដៃគូយុទ្ធសាស្រ្តនៅឆ្នាំ២០១៣ ហើយជប៉ុនគឺជាដៃគូអភិវឌ្ឍ ដ៏សំខាន់មួយក្នុងការស្តារ និងអភិវឌ្ឍន៍កម្ពុជាក្រោយឆ្នាំ១៩៩៣ មក ៕

ដោយ៖ ខា ដា

Facebook Comments

To Top