X

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តបំពេញកិច្ចការ៥ចំណុច តបស្នងចំពោះព្រះរាជតំរិះ ក្នុងការតែងតាំង ជាមេបញ្ជាការកងទ័ពជើងគោក

ភ្នំពេញ៖ ក្នុងឱកាស ប្រកាសចូលកាន់តំណែង ជាមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការប្តេជ្ញាចិត្ត ចំនួន៥ចំណុច ដើម្បីតបស្នង ចំពោះព្រះរាជតំរិះ ប្រោសប្រទានពីព្រះមហាក្សត្រកម្ពុជា និងការផ្តល់ទំនុកចិត្ត ដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាល ។

ការប្តេជ្ញាចិត្ត៥ចំណុច របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នោះទី១.សូមប្តេជ្ញាស្មោះត្រង់ ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រអស់មួយជីវិត, ទី២.សូមប្តេជ្ញាគោរព និងអនុវត្តតាមជានិច្ចនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ទី៣.សូមប្តេជ្ញាដើរតាមមាគ៌ា ដឹកនាំដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាល ជាពិសេសគោរព និងអនុវត្តតាម គោលនយោបាយជាតិ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៦, ទី៤.សូមប្តេជ្ញាគោរព និងអនុវត្តតាមគោលការណ៍ និងលក្ខន្តិកៈ កងយោធពលខេមរភូមិន្ទ ឲ្យបានខ្ជាប់ខ្ជួនបំផុត និងទី៥.សូមប្តេជ្ញាខិតខំប្រឹងប្រែង អនុវត្តឲ្យបានចំពោះ និងភារកិច្ចរបស់ខ្លួន និងហ៊ានបូជាអាយុជីវិត មិនស្តាយស្រណោះ ដើម្បីបុព្វហេតុការពារប្រជាជន និងជាតិមាតុភូមិ ដ៏មហាបវរនៃយើង ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា “ក្នុងនាមជាកូនខ្មែរ ជាពលរដ្ឋខ្មែរមួយរូប ខ្ញុំផ្ទាល់ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានចូលបម្រើ ក្នុងជួរកងយោធពល ខេមរភូមិន្ទ។ ហើយខ្ញុំក៏សូមសម្តែងនូវ ការកោតសរសើរបំផុត ចំពោះវីរៈភាពឧត្តុងឧត្តម និងអង់អាចបំផុត របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែខិតខំ បំពេញភារកិច្ច និងធ្វើពលិកម្មយ៉ាងច្រើនឥតគណនា ដើម្បីបុព្វហេតុសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍន៍ ជូនប្រទេសជាតិទាំងមូល” ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា “នៅក្នុងយុទ្ធនាការអនុវត្ត នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ក្នុងយុទ្ធសាស្រ្ត បង្រួបបង្រួមជាតិ ការបញ្ចប់ ទាំងស្រុង នូវទុក្ខវេទ្ទនារបស់ប្រជាជនខ្មែរ សម័យសង្គ្រាម និងការរំលំរលាយជាស្ថាពរ នៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ក្នុងឆ្នាំ១៩៨៨ ដោយបាននាំ ប្រទេសជាតិទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ពលិកម្មទាំងអស់នេះ គឺពិតជាគំរូដ៏ថ្លៃថ្លាបំផុត ជាកាតព្វកិច្ចរបស់មនុស្សជំនាន់មុន ជាគំរូសម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជាសម្រាប់យោធិនជំនាន់ក្រោយទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ហើយនេះគឺជាកត្តាជំរុញទឹកចិត្ត ដ៏សំខាន់បំផុត សម្រាប់យើងខ្ញុំដែលជាយោធិន នៃជំនាន់ក្រោយ ក្នុងការបំពេញ ភារកិច្ចបម្រើជាតិ និងប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត” ៕

ដោយ៖ស៊ាន កុសល

Facebook Comments