នយោបាយ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាមិនលុតជង្គង់​ ទទួលទណ្ឌកម្ម ឬសម្ពាធ ពីអន្តរជាតិឡើយ

ភ្នំពេញ៖ បន្ទាប់ពីអតីតមន្ត្រីជាន់ខ្ពស់ បក្សប្រឆាំងលើកឡើងថា សហភាពអឺរ៉ុប(EU) នឹងបើកកិច្ចប្រជុំអនុម័ត លើសេចក្តីព្រាងស្តីពីបញ្ហានៅកម្ពុជា ពាក់ព័ន្ធនឹងបក្សប្រឆាំង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាមិនលុតជង្គង់ ទទួលទណ្ឌកម្ម ឬសម្ពាធពីអន្តរជាតិឡើយ ។

ការថ្លែងរបស់លោកនេះ បន្ទាប់ពីលោក លី សុវិទ្យា អតីតមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានសរសេរតាមបណ្តាញ សង្គមហ្វេសប៊ុកថា ញត្តិជាច្រើនទំព័រទាក់ទង និងបញ្ហានៅកម្ពុជា ពិសេសនោះពាក់ព័ន្ធ គណបក្សសង្គ្រោះជាតិ នឹងត្រូវបានអឺរ៉ុបលើកយកមកពិភាក្សា អនុម័តនៅថ្ងៃទី ១៣ កញ្ញា ស្អែកនេះ ។

លោកថា ញត្តិដំណោះស្រាយស្តីពីបញ្ហាកម្ពុជា រួមមាន៖ ទម្លាក់ចោលការចោទប្រកាន់ លោក កឹម សុខា ហើយអនុញ្ញាតឲ្យមាន សេរីភាពទៅព្យាបាលជម្ងឺ ជួបអ្នកការទូត សកម្មជនគណបក្សសង្គ្រោះជាតិ ។ ផ្តល់សិទ្ធិដល់ថ្នាក់ដឹកនាំ១១៨នាក់ មានសិទ្ធិធ្វើនយោបាយឲ្យ គណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ប្រគល់សងតំណែងសមាជិក សភា ក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ។ ផ្តល់សិទ្ធិអំណាចដល់សង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន អនុវត្តតួនាទីរបស់ខ្លួន បានពេញលេញ ។ រដ្ឋាភិបាលត្រូវបញ្ឈប់ ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ទៅលើសកម្មជនគណបក្ស នយោបាយសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ។ រដ្ឋាភិបាលត្រូវគោរពសិទ្ធិសេរីភាព ជាមូលដ្ឋានរបស់មនុស្ស និងបញ្ចប់ការបំភិតបំភ័យ ការគម្រាមកំហែងតាមគ្រប់រូបភាព និងធានាដល់សេរីភាពការបញ្ចេញមតិ ស្របតាមច្បាប់ជាតិ-អន្តរជាតិ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១២ កញ្ញាថា រាជរដ្ឋាភិបាលកម្ពុជា មិនមានឥរិយាបថ ឬអំណាចទៅចាប់ចង ឬបង្ខិតបង្ខំលើចៅក្រមណា ក្នុងកិច្ចដំណើរការ របស់តុលាការឡើយ ហើយកម្ពុជាក៏មិនអាចរំលាយ សាលដីការបស់តុលាការ កំពូលបានដែរ ។

លោកអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនអាចស្ថិតនៅក្រោមឥទ្ធិពល ឬបង្គាប់អង្គការណាមួយឡើយ អ្វីដែលកម្ពុជាធ្វើគឺធ្វើ ទៅតាមគោលការណ៍ច្បាប់ និងរដ្ឋធម្មនុញ្ញ ។

លោកបញ្ជាក់ថា “អ្វីដែលជាការលើកឡើង ពីការប្រជុំរបស់សហភាពអឺរ៉ុបហ្នឹង រាជរដ្ឋាភិបាលបាន ធ្វើការយ៉ាងសស្រាកសស្រាន្ត ពន្យល់ពីហេតុ និងផល ពាក់ព័ន្ធនឹងគណបក្ស សង្គ្រោះជាតិរួចហើយ ។ ការសម្រេចយ៉ាងណាអាហ្នឹង ជាសិទ្ធិរបស់សហភាពអឺរ៉ុប យើងមិនលុតជង្គង់ទទួល នូវទណ្ឌកម្មឬសម្ពាធណានោះទេ យើងមានសមត្ថភាព និងដោះស្រាយដោយនីតិវិធីផ្សេងៗ” ៕

ដោយ៖ ខា ដា

Facebook Comments

To Top