នយោបាយ

សម្តេច ស ខេង៖ ខេត្តព្រះសីហនុ មិនទាន់រៀបចំឲ្យ ស្របតាមការវិវត្តន៍ ទើបមានបញ្ហា មិនចេះចប់ មិនចេះហើយ

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើត ក្រុមការងារកម្រិតស្រាលមួយ ដើម្បីចុះពិនិត្យខេត្តព្រះសីហនុ ក្រោយពីមានបញ្ហា ជាច្រើន បានកើតមានឡើងនៅក្នុងខេត្តនេះ ទាំងចារកម្ម ការសម្លាប់គ្នា ជួញដូរគ្រឿងញៀន និង​បញ្ហាសម្រាម ព្រមទាំងជនជាតិចិនជាដើម ហើយថា មូលហេតុដែលកំពុងកើតមាន​ឡើងដូចសព្វថ្ងៃនេះ ដោយសារមិនទាន់បានរៀបចំខេត្ត​ឲ្យបានត្រឹមត្រូវនៅឡើយ​តាមការវិវត្តន៍ជាក់ស្តែង។

សម្តេច ស ខេង បានថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ថា ឥឡូវនេះ នៅខេត្តព្រះសីហនុ កំពុងតែមានសកម្មភាពវិនិយោគ ការវិវត្តហើយ​ក៏មានភ្ញៀវទេសចរណ៍ច្រើននៅទីនោះដែរ។

សម្ដេចបន្តថា ខេត្តនេះ តាំងពីមុនមកមានមនុស្សកើនឡើងរហូតជិត២០ម៉ឺននាក់ ឬ៣០ម៉ឺន​នាក់ ប៉ុន្តែរយៈពេលខ្លីមកនេះ ចំនួនមនុស្សបុកទៅ ខេត្តព្រះសីហនុ កាន់តែច្រើនបន្ថែមទៀត ជាពិសេសគឺជនបរទេសដែលមានគ្រប់ជាតិសាសន៍ តែក្នុងនោះជនជាតិចិនច្រើនជាងគេ។

រដ្ឋមន្រ្តីកសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា ជាធម្មតាទេគ្រប់ជនជាតិតែងតែមានល្អ និងអាក្រក់ ។ សម្រាប់ខេត្តព្រះសីហនុ សម្តេចថា មិនទាន់បានរៀបចំខ្លួនឲ្យបានសមស្រប​តាមការវិវត្តនៃ កំណើន ​ទេសចរណ៍នេះនៅឡើយទេ ទើបបានកើតឡើងនូវបញ្ហាមួយចំនួន ដូចជាបទ ល្មើសសម្លាប់ ការប្រើប្រាស់គ្រឿងញៀន បញ្ហាបរិស្ថានអនាម័យជាដើម ។

សម្តេច ស ខេង ឲ្យដឹងទៀតថា “ក្នុងពេលដែលខេត្តព្រះសីហនុមិនទាន់បានរៀបចំខ្លួន ឲ្យបានសមស្របតាមវិវត្តន៍នេះ ចឹងបានកើតឡើងនូវបញ្ហាមួយចំនួនដូចជា បទល្មើសសម្លាប់ ការប្រើប្រាស់គ្រឿងញៀន បញ្ហាបរិស្ថានអនាម័យ”។

សម្ដេចបានបន្តថា “យើងនឹងរៀបចំក្រុមការងារកម្រិតស្រាមួយ ដើម្បីទៅគាំទ្រដល់រដ្ឋបាល ខេត្តព្រះសីហនុ ដែលក្នុងនោះខ្ញុំគិតថា មានអគ្គនាយកដ្ឋានបួនដែលដើរតួមាន អគ្គរដ្ឋបាល អគ្គនគរបាល អន្តោប្រវេសន៍ហើយនិងក្រុម អ្នកច្បាប់រៀបចំជាក្រុមមួយគេហៅថា ជាក្រុម​ប្រតិបត្តិការ ឬហៅថា ក្រុមគាំទ្រ ប៉ុន្តែខ្ញុំគិតថា មិនមែនទៅធ្វើជំនួសឲ្យរដ្ឋបាល​ខេត្តព្រះសីហនុ ទេ ក៏ប៉ុន្តែគឺទៅគាំទ្រជួយដោះស្រាយ នូវបញ្ហាទាំងឡាយ ណាដែលខេត្តមិនមាន លទ្ធភាព​ធ្វើរាប់ទាំងការបង្រ្កាបបទល្មើស”។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ មួយរយៈពេលចុងក្រោយនេះ ឃើញមានជនជាតិចិនជាច្រើន​បាននាំគ្នាសម្រុកទៅដាក់ទុនវិនិយោគ លើវិស័យសំណងយ៉ាងច្រើនកកកុញ។ ការនាំឲ្យមាន ជនជាតិជាច្រើននៅខេត្តនេះ ក៏បានធ្វើឲ្យមានការរិះគន់យ៉ាងចាស់ ដៃពីសំណាក់ប្រជាពលរដ្ឋ ដែលជាភ្ញៀវទេសចរណ៍ធ្លាប់ទៅលេងកំសាន្តក្នុងខេត្តដែលខ្មែរចាត់ទុកជាតំបន់ទេសចរណ៍សំខាន់របស់កម្ពុជា ត្រូវបានបំផ្លាញដោយជនជាតិចិន ព្រោះបញ្ហាអសកម្មទាំងអស់កើតឡើង ពីជនជាតិចិនជាអ្នកបង្កឡើង។

កាលពីពេលថ្មីៗនេះ ដោយសារបញ្ហាទាំងអស់បង្កើតឡើងដោយជនជាតិ មន្រ្តីជាន់ខ្ពស់មកពី ប្រទេស ចិន ក៏បានចុះទៅពិនិត្យដោយផ្ទាល់ ផងដែរ ហើយមន្រ្តីជាន់ខ្ពស់របស់ចិន ក៏បាន​ស្នើឲ្យសមត្ថកិច្ចរបស់ខ្មែរចាត់វិធានការណ៍ ទៅលើជនជាតិចិនរូបណាដែលបង្កបញ្ហា ដោយ​ភាគី​ចិនបានអះអាងថា នឹងសហការជាមួយសមត្ថកិច្ចកម្ពុជា ក្នុងការបង្ក្រាបរាល់ជនជាតិចិន ណាដែលបង្កបញ្ហាអសន្តិសុខនៅកម្ពុជា៕

ដោយ ធិ លីថូ

Facebook Comments

To Top