ព័ត៌មានជាតិ

សម្តេចតេជោ និងគណៈប្រតិភូពិព័រណ៌ ពាណិជ្ជកម្មចិន-អាស៊ាន ដាំដើមឈើលក្ខណៈមិត្តភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហាន់ ជឹង (HanZheng) ឧបនាយករដ្ឋមន្រ្តីចិន អនុប្រធានាធិបតី ប្រទេសមីយ៉ាន់ម៉ា និងគណៈប្រតិភូនៃប្រទេសពិព័រណ៌ ចិន-អាស៊ាន បានអញ្ជើញដាំដើមឈើ ជាមិត្តភាព នៅក្នុងរមណីយដ្ឋានលីយ័ន ក្រុងណាននីង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលជាផ្ទះសំណាក់រដ្ឋរបស់ តំបន់ស្វយ័យជនជាតិជ័ងក្វាងស៊ី នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ។ នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេចតេជោ ។

មេដឹកនាំនៃប្រទេសអាស៊ាន-ចិន បានចាត់ទុកការដាំដើម ឈើនេះជានិម្មិតរូប នៃការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ រវាងអាស៊ាន-ចិន ក៏ដូចជាការជំរុញ កំណើនពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងតំបន់ស្វយ័តជនជាតិ ជ័ងក្វាងស៊ីទាំងមូលផងដែរ។

បន្ទាប់មកក្នុងរាត្រីកាលនោះដែរ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនា ពិព័រណ៌វប្បធម៌ចិន អាស៊ាន ដែលស្ថិតក្នុងសួនកម្សាន្ត Fantawild Asian Legend ក្នុងទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងអស់ បានទស្សនាយ៉ាងយកចិត្តទុកដាក់ នូវរចនាបថនៃសួនកំសាន្ត Fantawild Asian Legend ក្នុងនោះអ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហា ប្រាសាទអង្គវត្តរបស់កម្ពុជា ពោលគោលបំណងនៃ ការបង្កើតសួនកំសាន្តនេះ ដើម្បីបង្ហាញពីអរិយធម៌ និងទំនៀបទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសចិន ។

ក្នុងពិធីនោះដែរ សម្តេចតេជោ និង គណៈប្រតិភូបានអញ្ជើញទស្សនា នូវផ្ទាំងឯកសារគំនូចីវចល 3D មានរយៈពេល ១៣នាទី ស្តីពី សកម្មភាពនៃការ កសាងអាណាចក្រអង្គរ របស់កម្ពុជា ដែលរៀបចំសំរិទ្ធសំរាំង យ៉ាងល្អឥតខ្ចោះពីអ្នកដឹកនាំរឿង របស់ប្រទេសចិន ។

សម្តេចតេជោ បានចាត់ទុកថា នោះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ ពីសំណាក់មនុស្សជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវ ទៅនឹងប្រវត្តិនៃការកសាង អាណាចក្រអង្គរដ៏ល្បីល្បាញរបស់កម្ពុជា ។

សូមជំរាបថា សួននេះទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ ចិន-អាស៊ាន ។ សួននេះនឹងបើកឲ្យប្រជាជនចិន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទស្សនាកំសាន្ត ព្រោះទីនេះមានភាពទាក់ទាញ ខ្លាំងសម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរណ៍អន្តរជាតិនានា ដែលទៅកំសាន្តប្រទេសចិន ពិសេសតំបន់ស្វយ័តជនជាតិ ជ័ងក្វាងស៊ីនេះ ៕

To Top