X

សម្ដេច ស ខេង៖ លោក ស ថេត មិនមែនជាប្អូនបង្កើត របស់ខ្ញុំឡើយ

ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃនេះ មានអ្នកសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយថា ស្នងការនគរបាលរាជធានីភ្នំពេញថ្មី លោកឧត្តមសេនីយ៍ឯក ស ថេត ជាប្អូនបង្កើតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនោះ សម្ដេច ស ខេង បានបកស្រាយវិញថា លោកឧត្តមសេនីយ៍ឯក ស ថេត មិនមែនជាប្អូនបង្កើត របស់សម្ដេច មិនដូចអ្នកសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយនោះទេ ។

លោក ស ថេត ត្រូវបានប្រកាសចូលកាន់​ តំណែងជាស្នងការនគរបាល រាជធានីភ្នំពេញថ្មី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ជំនួស លោក ជួន សុវណ្ណ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ខណៈលោកត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់តែងតាំងលោក ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើរដ្ឋមន្រ្តីជំនួស លោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ កញ្ញានេះ បានឲ្យដឹងថា មានអ្នកសារព័ត៌មានជាច្រើន បានចេញផ្សាយអំពីការផ្ទេរតំណែង និងការប្រគល់ភារកិច្ចជា ស្នងការនគរបាលរាជធានីភ្នំពេញជូន លោក ស ថេត ថា ជាប្អូនរបស់សម្តេច ។

សម្ដេចបន្តថា “អ្វីដែលខ្ញុំកត់សម្គាល់ និងចង់បញ្ជាក់នៅពេលនេះ គឺសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ឯក ស ថេត គឺជាប្អូនបង្កើតរបស់ខ្ញុំ ។ ខ្ញុំមិនដឹងថា សារព័ត៌មានទាំងនោះ បានប្រភពមកពីណា ឬក៏សន្និដ្ឋានដោយគ្មានប្រភពនោះទេ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា លោកឧត្តមសេនីយ៍ ស ថេត មិនមែនជាប្អូនបង្កើតរបស់ខ្ញុំ ដូចដែលសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយនោះទេ” ៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments