នយោបាយ

សម្ដេចតេជោ ចូលរួមវេទិកាសេដ្ឋកិច្ច ពិភពលោក លើកទី២៧ នៅទីក្រុងហាណូយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក លើកទី២៧ ស្តីពីអាស៊ាន។ នេះបើយោងតាម ការចេញ ផ្សាយនៅគេហទំព័រ ហ្វេសប៊ុករបស់ សម្ដេចតេជោ។

វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ ផ្តោតការពិភាក្សាអំពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបណ្តាលមកពីបដិវត្តឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងរិះរកមធ្យោបាយ ដើម្បីប្រើប្រាស់ នវានុវត្តន៍ និងកិច្ចសហការរវាងរដ្ឋ និងឯកជន ដើម្បីទប់ទល់នឹងបញ្ហាប្រឈមទាំងនោះ។

ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានផ្តោតលើប្រធានបទ “យុវជន បច្ចេកវិទ្យា និងកំណើន ការធានាពីគុណប្រយោជន៍ផ្នែកប្រជាសាស្រ្ត និងឌីជីថល របស់អាស៊ាន” ដែលបានប្រព្រឹត្ត ទៅ ក្រោមវត្តមាននៃការធ្វើគារវកិច្ចស្វាគមន៍ពីសំណាក់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តី វៀតណាម ។ ក្នុងវេទិកានេះ ក៏មានការអញ្ជើញចូលរួមពី បណ្តាមេដឹកនាំ និងផ្នែកធុរកិច្ច អ្នកសេដ្ឋកិច្ច និងម្ចាស់ក្រុមហ៊ុនធំៗ លើពិភពលោកជាច្រើនរូបផងដែរ។

ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោក ក៏មានការអញ្ជើញឡើងថ្លែង សុន្ទរកថាដោយ លោក សាស្រ្តាចារ្យ ក្លោស៍ ស្វាប់ (Klaus Schwab) ស្ថាបនិកនិងជានាយកប្រតិបត្តិវេទិកា សេដ្ឋកិច្ច​ពិភពលោក មានសារលិខិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសុន្ទរកថា ពីមេដឹកនាំនៃប្រទេសវៀតណាម សិង្ហបុរី និងឥណ្ឌូណេស៊ី ភូមា និង កម្ពុជា ដែលអញ្ជើញឡើង ថែ្លងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា។

ប្រមុខដឹកនាំទាំងអស់ បានចាត់ទុកការរួមសហការគ្នារវាងវិស័យឯកជន ជាមួយនឹងរដ្ឋាភិបាល ជារឿងចាំបាច់បំផុតដើម្បីជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច ជាពិសេសរួមគ្នាយកចិត្ត ទុកដាក់ចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ដែលជាសេចក្តីត្រូវការចាំបាច់បំផុត នៅក្នុងសម័យឌីជីថល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ទ្រទ្រង់ខឿន សេដ្ឋកិច្ចប្រកប ដោយចីរភាព។

សូមរំលឹកថា សព្វថ្ងៃពលរដ្ឋជាពិសេស យុវជនកំពុងប្រើប្រាស់ Smart phone, និងបច្ចេកវិទ្យា ថ្មីៗ រួមទាំងការធ្វើ ពាណិជ្ជកម្ម និងលក់ទំនិញអនឡាញតាមប្រព័ន្ឋអេឡិកត្រូនិក និងការប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុតាមធនាគារ និងទូរទាត់តាមប្រព័ន្ធវ័យ ឆ្លាតនានា ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីទប់ស្កាត់អំពើភេរវកម្មផ្សេងៗ ដែលបានជួយបង្កើតការងារ និងមុខរបរបានយ៉ាងច្រើន ហើយទន្ទឹមនឹងនេះ កំពុងជួយពន្លឿន ដល់ សមាហរណកម្មក្នុងតំបន់ ព្រមទាំងជំរុញឲ្យមានទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋកាន់ តែប្រសើរឡើងទៀតផង៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top