ព័ត៌មានជាតិ

សង្ស័យអុជធូប ឆេះរាលដាលពេញបន្ទប់ ផ្អើលសមត្ថកិច្ចទាំងព្រឹក

ភ្នំពេញ ៖ សង្ស័យភ្លើងធូបកុងម៉ា ធ្លាក់កម្ទេចឆាបឆេះ រាលដាលបន្ទប់ជួលមួយកន្លែង បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន នាំគ្នាយកទុយោទឹកបាញ់ និងបំពង់បំពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាន់ពេលវេលា ។ ហេតុការណ៍នេះ កាលវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ស្ថិតនៅតាមផ្លូវបេតុង ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីអ្នកជួលបន្ទប់ជិតខាង បានប្រាប់ថា ដោយមានឃើញផ្សែងហុយខ្លាំង ចេញពីបន្ទប់ជួលលេខ៤០ ចេញមកខាងក្រៅ ហើយពេលកើតហេតុ អ្នកស្នាក់តាមបន្ទប់ជួលមិនទាន់ភ្ញាក់ និងនាំគ្នាគាស់ទ្វារបន្ទប់ អោយជួយយកទឹកបាញ់ពន្លត់ ខ្លះយកទឹក ខ្លះយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ និងខ្លះប្ដឹងសមត្ថកិច្ច អោយជួយអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យ តែសំណាងល្អទប់ស្កាត់បាន ដោយមិនបាច់ប្រើរថយន្តពន្លត់អគ្គិភ័យនោះទេ ។

អ្នកជួលបន្ទប់ជិតខាងបន្តថា ឮថាកូនស្រីម្ចាស់ផ្ទះអុជធូបនៅក្នុងបន្ទប់ ហើយចេញទៅក្រៅ សង្ស័យធ្លាក់កម្ទេចភ្លើងឆេះតែម្ដង ។ ការខូចខាតសម្ភារៈក្នុងបន្ទប់មាន គ្រែ ពូក តុ ទូ ពិតានខូចទាំងអស់ ដោយសារឆេះរោលខ្មៅ ហើយបន្ទប់ដែលឆេះ ត្រូវរុះរើចេញដែរ មិនអាចរស់នៅបាន បន្ទប់សង់ជញ្ជាំងថ្ម ដំបូលប្រក់សង្ក័សី ក្នុងនោះមិនមានអ្នករងរបួសទេ ៕ដោយ៖ប៉ិច នរៈ

Facebook Comments

To Top