X

លោកកែ រដ្ឋា ស្នើដល់គណៈកម្មការ សេវាហិរញ្ញប្បទានថ្មី​ ​ផ្តល់​សេវា​ហិរញ្ញ​ប្ប​ទាន​ និងមូលនីធិ សមធម៌​ ឲ្យ​ប្រកប ដោយ​ប្រសិទ្ធ​ភាព ជូនពលរដ្ឋ

ស្វាយរៀង ៖ លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរ សុខាភិបាល ខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានស្នើដល់គណៈកម្មការសេវាហិរញ្ញប្បទានថ្មី​ សូម​ខិតខំ​ប្រឹងប្រែង​ផ្តល់​សេវា​ហិរញ្ញ​ប្ប​ទាន​ និងមូលនីធិសមធម៌​ ឲ្យ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ តម្លា​ភាព​ និងសម ធម៌​ ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ និង​ក្រៅខេត្តផងដែរ។ មានប្រសាសន៍បែបនេះ ក្នុងឱកាស ដែលលោកអញ្ជើញ ចូលរួមបើកកិច្ចប្រជុំសំណេះសំណាល ជាមួយបុគ្គលិកមន្ទីរពេទ្យខេត្ត ចំនួន​១២៦នាក់ និងពិធីប្រកាសគណះកម្មការ សេវាហិរញ្ញប្បទានថ្មី នៅមន្ទីសុខាភិបាល ខេត្តស្វាយរៀង។

លោក​ប្រធាន​មន្ទីរ​ បាន​បន្តថា​ បច្ច​ប្ប​ន្ន​នេះ​ ដោយ​មាន​ការ​យកចិត្ត​ទុកដាក់​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​  ហ៊ុន​សែន​ ជា​ប្រមុខ​ដឹកនាំ​ តែងតែ​គិត​គូ​ពី​សុខភាព​របស់​ប្រជា​ពលរដ្ឋ​ ដោយ​ចេញ​ជួស​ការ​ព្យាបាល​ ក្នុង​ការ​ផ្តល់​ជូន​នូវ​មូល​និធិ​សម​ធម៌​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ និង​មូល​និធិ​សុ​ខា​ភិ​បា​ល​ ជូនដល់​កម្ម​ករ​ក្រៅ​ប្រព័ន្ធ​ កី​ឡា​ករ​កីឡា​ការិនី​ មេ​ឃុំ​ចៅ​សង្កាត់​ មេ​ភូមិ​ជំ​នួយ​ការ​ភូមិ​ ក្រុម​ដោះ​មីន​…។ល។ ហើយ​និងមាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ផ្តល់ជូន​ដល់​កម្មករ​ក្នុង​ប្រព័ន្ធ​ និង​មន្ត្រី​រាជការ​ផងដែរ ។ អាស្រ័យ​ហេតុនេះ​មន្ទីរ​ពេទ្យ​ទទួល​បាន​អតិថិជន​កាន់​តែ​ច្រើន​ ចំណូល​ហិរញ្ញ​ប្ប​ទាន​ក៏បាន​កាន់​តែ​ច្រើន​ បុគ្គលិក​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ហិរញ្ញ​ប្ប​ទាន​កាន់​ខ្ពស់​ ។

លោក​ប្រធាន​មន្ទីរ​ បាន​ណែនាំ​ថ្នាក់​ដឹកនាំ​មន្ទីរ​ពេទ្យ​  និង​គណះកម្មការសេវាហិរញ្ញប្បទានថ្មីថា ដំណើរ​ការ​ហិរញ្ញ​ប្ប​ទាន​ ដើម្បី​សម្រេច​បាន​ជោគជ័យ​ ត្រូវ​មាន​ការ​ដឹក​នាំ​គ្រប់​គ្រង​ល្អ​ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​ភារកិច្ច​ គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ក្រមសីលធម៌​វិជ្ជាជីវៈ​ វិន័យ​ការ​ងារ​ មានការ ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ និង បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ ដើម្បី​ពង្រឹង​សមត្ថភាព​ គុណភាព​សេវា​ឲ្យកាន់តែប្រសើរឡើង ។

លោក​ប្រធាន​មន្ទីរ ​បានលើកឡើង​ថា​ រាជរដ្ឋាភិបាលកម្ពុជា កំពុងតែលើកទឹកចិត្ត ជម្រុញឲ្យ មាន ការប្រលងប្រណាំងអង្គភាពអង្គភាពគំរូក្នុងវិស័យសុខាភិបាល និងអប់រំ ដូច្នេះមន្ទីរ​ពេទ្យ​ទាំងអស់​ក្នុង​ខេត្ត​ ត្រូវ​ចូលរួម​ប្រលង​ប្រណាំង​អង្គ​ភាព​គំរូ​ក្នុង​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​ និង​ចូលរួម​ប្រកួត​ប្រជែង​នៅ​ថ្នាក់​ជាតិ​ថែម​ទៀត​ ។

លោក​ប្រធាន​មន្ទីរ​ បាន​ជម្រាប​អង្គ​ប្រជុំ​បន្ថែមទៀតថា​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​អង្គការ​ Cambodia Vision នឹង​មក​ព្យាបាល​វះកាត់​ភ្នែក​ដោយ​ឥតគិតថ្លៃ​ ជូន​ប្រជា​ពលរដ្ឋនៅមន្ទីរពេទ្យ​ខេត្ត​ ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ ២៩ខែកញ្ញា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ និងសូម​ជូន​ដំណឹង​ជា​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ សូម​អញ្ជើញ​មក​ទទួល​យក​សេ​វា​ព្យាបាល​ វះកាត់​ភ្នែក​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយរៀង​ ។ អ្នកវះកាត់ និងទទួល​នូវ​សោ​ហ៊ុយ​ធ្វើ​ដំណើរ២០០០០រៀលទៅ​ផ្ទះវិញ​ និង​អាហារ​២ពេលផងដែរ ៕

ដោយ ៖ យាងដានុត

 

Facebook Comments