X

រថយន្ដដឹកគ្រោងដែក​ បើកទាក់​ប៉ាណូ​កាត់ទទឹងផ្លូវ បណ្ដាលឲ្យធ្លាក់រាយពេញផ្លូវ

ភ្នំពេញ ៖ រថយន្ដដឹកគ្រោងដែក ដងស្ទូចដ៏ធំមួយ បានបើកទាក់ជាមួយប៉ាណូ ដាក់កាត់ទទឹងផ្លូវ បណ្ដាលឲ្យធ្លាក់រាយពេញផ្លូវ តែសំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកដំណើរនោះទេ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ជិតច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

អ្នកដំណើរដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា រថយន្ដកុងទីន័រ មួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ 3A-3760 ដោយមានដឹកគ្រោងដែកដងស្ទូច បានធ្វើដំណើរ ពីស្ពានអាកាសក្បាលថ្នល់ ចុះមកច្រមុះជ្រូកក្បាលថ្នល់ ក្នុងទិសដៅពីកើតមកលិចតាមផ្លូវ២៧១ ខណៈមកដល់ចណុចកើតហេតុ ក៏បានទាក់ជាមួយប៉ាណូដាក់ទទឹងផ្លូវ បណ្ដាលឲ្យគ្រោងដែកដងស្ទូចធ្លាក់មកលើផ្លូវ ព្រមទាំងធ្វើឲ្យប៉ាណូ រងការខូចខាតផងដែរ សំណាងល្អមិនបង្ក ឲ្យបងប្អូនប្រជាពលរដ្ឋរងរបួសគ្រោះថ្នាក់។

ក្រោយកើតហេតុ អ្នកបើករថយន្ដ បានបើកទៅមុខប្រហែលជា២០ម៉ែត្រ ក៏បានឈប់ និងប្រុងស្ទួចគ្រោងដែក ដែលធ្លាក់យកទៅខ្លួនឯង តែសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ ដោយឃើញមានការខូចខាត ដល់ទ្រព្យសម្បត្ដិរបស់សាលាក្រុង ក៏ឃាត់រថយន្ដទុក ដើម្បីយកទៅស្នងការចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់៕ដោយ៖ប៉ិច នរៈ

Facebook Comments