ព័ត៌មានជាតិ

យមរាជ ឧក្រិដ្ឋជនល្បីខាងសម្លាប់ បានស្លាប់ក្នុងមន្ទីរពេទ្យ ខណៈបញ្ជូនពី ពន្ធនាគារមកព្យាបាល

ភ្នំពេញ៖ ឧក្រិដ្ឋជនល្បីខាងសម្លាប់ កាលជំនាន់ទណ្ឌិត ហេង ពៅ ធ្វើជាស្នងការនគរបាលក្រុងភ្នំពេញ ហង្ស វុទ្ធី ហៅយមរាជ បានស្លាប់នៅព្រឹកថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០១៨នេះ ខណៈបញ្ជូនពីពន្ធនាគារព្រៃស មកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ឈ្មោះ Heng Nice ដែលបង្ហោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយភ្ជាប់នូវរូបថតចំនួន៣សន្លឹក សរសេររៀបរាប់ថា “បងប្រុសទី២នាងខ្ញុំ ឈ្មោះ ហង្ស វុទ្ធី ហៅ យមរាជបានស្លាប់ហើយ នៅមន្ទីរពេទ្យ រុស្សី វេលាម៉ោង ១០.៣០នាទី ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨” ។

ជាមួយគ្នានោះដែរ អ្នកស្រី សុខ សុភ័ណ្ឌ ក៏បានសុំអំពាវនាវ ដោះលែងបងប្រុសទី៣ របស់ខ្លួន ឈ្មោះ ហង្សវត្ថា ដើម្បីអោយបងប្រុសនាង មកធ្វើបុណ្យសព និង ជួប ហង្ស វទ្ធី ជាចុងក្រោយ ។

យមរាជ បន្ទាប់ពីបានប្រព្រឹត្តិ បទឧក្រិដ្ឋជាច្រើន បានព្យាយាមរត់គេចពីសំណាញ់ច្បាប់ ហើយបាត់ដំណឹង អស់រយៈពេលប្រមាណ ៧ឆ្នាំ ក្រោយមក ហង្ស វុទ្ធី ហៅយមរាជ ឬទិវា១៦នេះ បានរត់មកសារភាព ប្រគល់ខ្លួនឲ្យសមត្ថកិច្ច នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២នេះ ដោយបានពឹងពាក់លោកមេធាវី កៅ ស៊ូផា ឲ្យជូនទៅកាន់ស្នាក់ការអង្គការ សិទ្ធិមនុស្សអាដហុក ។

យមរាជ បានប្រាប់អ្នកកាសែត នាគ្រាលនោះថា ការរត់គេចខ្លួនពីពន្ធនាគារកន្លងមក មិនមែនជាចេតនារបស់ខ្លួនទេ ប៉ុន្តែការរត់នោះគឺតាមការគំរាមកំហែង របស់អ្នកជាប់ឃុំឃាំង ក្នុងបន្ទប់ជាមួយគ្នា ៤នាក់ ដែលពួកគេជាក្រុមចោរលួច ចោរប្លន់ ហើយបានធ្វើសកម្មភាពអារចង្រឹងបង្អួច ដើម្បីរត់គេចខ្លួន ហើយការរត់មកសារភាពនេះ គឺដើម្បីចង់បានយុត្តិធម៌ និងស្នើរឲ្យប្រព័ន្ធតុលាការ សើរើរឿងក្តីឡើងវិញ ។

ទិវា១៦ បានអះអាងថា ប្រសិនរូបគាត់នៅតែបន្តរត់គេចខ្លួនទៀតនោះ គឺនៅតែមានភាពអយុត្តិធម៌មួយជីវិត ការសារភាពទី១.បញ្ជាក់ថា គាត់មិនបានអារគុករត់ចេញនោះទេ និងទី២.ការចោទថា ជាឃាតក សម្លាប់អ្នកនេះ អ្នកនោះ គឺជារឿងមិនពិត ដោយស្នើទាមទាររកសាក្សី និងការកាត់ទោសសារជាថ្មី ប្រសិនរឿងនេះ មែននោះសូមឲ្យសមត្ថកិច្ចយកទៅធ្វើអ្វី ក៏ធ្វើចុះ ។

យមរាជ ក៏បានរំលឹករឿងរ៉ាវ ហែកគុកដែលកើតឡើង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ថា គ្រាលនោះ មានជនសង្ស័យ ៤នាក់ ជាមុខសញ្ញាចោរ លួច ប្លន់ ឈ្មោះ អាសឹង, អាយួន, អាវែង និងអាចាម បានរៀបចំគម្រោង អារចង្រឹងដែកបង្អួចគុក រត់ដោយប្រើរណាអារដែក ពេលនោះក្រុមទាំងនោះ បានចាប់គាត់ចងដៃ ចងជើង និងយកំណាត់ញុកមាត់កុំឲ្យស្រី ពេលអាររួចក្រុមនោះបានសំរួតខ្សែចុះ ពេលដល់ដីស្រាប់តែ មានរថយន្តមួយគ្រឿង បើកមកទទួល ហៅអ្នកក្នុងរថយន្តបានស្រែកហៅគាត់ ចំឈ្មោះថាយមរាជ ថែមទៀតផង ។

បន្ទាប់ពីជិះរត់រត់គេចខ្លួនចេញផុត យមរាជ បានអះអាងថា បានបំបែកគ្នាចេះ ដោយខ្លួនគាត់បានធ្វើដំណើរ ទៅកាន់ខេត្តកំពត ចុងក្រោយទៅស៊ីឈ្នួលអូសបង្គា ដើម្បីយកលុយដោះស្រាយជីវភាព ហើយបន្ទាប់មកទៀត គេចខ្លួនទៅកាន់តំបន់ ប៉ោយប៉ែតស៊ីឈ្នួល អូសរទេះគេជាហូរហែ រហូតដល់ចុងក្រោយនេះ ទើបសម្រេចចិត្ដ ចូលខ្លួនមកសារភាព ហើយខណៈចូលខ្លួន មកនេះ គឺរូបគេមិនមានអ្វីជាប់នឹងខ្លួននោះទេ ហើយដាច់បាយដាច់ទឹកទៀតផង ។

ហង្ស វុទ្ធី ហៅ យមរាជ និងទិវា១៦ ត្រូវបានតុលាការ ចោទប្រកាន់ និងធ្វើការផ្ដន្ទាទោស ក្នុងសំណុំរឿងឧក្រិដ្ឋកម្មជាច្រើនករណី និង មានឧក្រិដ្ឋជនជាច្រើននាក់ ដែលរួមមាន ហេង ពៅ ជាមេខ្លោង និងបក្ខពួកជាច្រើន ទៀត ដូចជា លី រ៉ាស៊ី, អ៊ុ សំខេង និង ហង្ស វុត្ថា ជាប្អូនប្រុស…ជាដើម ។ ក្នុងនោះនៅ ឆ្នាំ២០០៨ សាលាដំបូងរាជធានីភ្នំពេញបាន បើកសវនាការលើ សំណុំរឿងករណីបាញ់ប៉ង សម្លាប់ មន្ដ្រី ក្រុមហ៊ុនអគ្គិសនីកម្ពុជាម្នាក់ ឈ្មោះ គឹម ដាវុធ កាលពីខែវិច្ឆិកា ឆ្នាំ ២០០៥ ឲ្យរងពិការអស់មួយជីវិត ដោយសំណុំរឿងខាងលើនេះ បានសម្រេចដាក់ទោស ហេង ពៅ, អ៊ុ សំខេង និងហង្ស វុទ្ធី ឱ្យជាប់ពន្ធនា គាររយៈពេល ១៨ឆ្នាំម្នាក់ៗ និងរួមគ្នាសង ទៅជនរងគ្រោះ ចំនួន៨០ម៉ឺនដុល្លារ។ ក្រៅ ពីសំណុំរឿងនេះ ឧក្រិដ្ឋជន ហង្ស វុទ្ធី ក៏ ជាប់ពាក់ព័ន្ធទៅនឹង សំណុំរឿងជាច្រើនទៀត ដូចជាករណីឃាតកម្មបាញ់សម្លាប់ លោកចៅ ក្រម សុក សេដ្ឋាមុន្នី និងករណីប៉ុនប៉ងសម្លាប់ មន្ដ្រីជាន់ខ្ពស់កងរាជអាវុធហត្ថ និងមន្ដ្រីព្រះ រាជអាជ្ញាមួយចំនួនទៀតផងដែរ តែពេល ចូលសារភាព ហង្ស វុទ្ធី បានធ្វើការបដិសេធ ចោលទាំងអស់ ៕

ដោយ៖ ស៊ាន កុសល

Facebook Comments

To Top