អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យមានការ សម្រេចចិត្តដ៏ច្បាស់លាស់ ពីអាមេរិកនិងកូរ៉េខាងជើង

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ចាំបាច់ត្រូវតែធ្វើការ សម្រេចចិត្តដ៏ច្បាស់លាស់មួយ ដើម្បីធ្វើឲ្យកិច្ចពិភាក្សានុយក្លេអ៊ែ ដែលជាប់គាំងនាពេលបច្ចុប្បន្ននេះ បោះជំហានឆ្ពោះទៅមុខ។

យោងតាមការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយ នាថ្ងៃអង្គារសប្ដាហ៍នេះ លោក មូន បានមានប្រសាសន៍ថា “មេដឹកនាំរបស់កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវតែគូសចេញ នូវរូបភាពធំជាងមួយ និងបង្កើតការសម្រេច ចិត្តច្បាស់លាស់ ដើម្បីធ្វើឲ្យការលុបបំបាត់ អាវុធនុយក្លេអ៊ែប្រព្រឹត្តទៅមុខតទៀត និងដើម្បីធ្វើឲ្យកូរ៉េខាងជើង រុះរើចោលអាវុធនុយក្លេអ៊ែ” ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍បន្តទៀតថា “កូរ៉េខាងជើង ត្រូវតែបំផ្លាញអាវុធនុយក្លេអ៊ែ របស់ខ្លួនចោល ហើយសហរដ្ឋអាមេរិក ត្រូវតែធ្វើការឆ្លើយតប ជាមួយនឹងចំណាត់ការ ប្រហាក់ប្រហែលគ្នា ។ ប្រទេសទាំងពីរចាំបាច់ត្រូវដកចោល នូវការមិនជឿទុកចិត្តគ្នា ចាក់ឫសយ៉ាងជ្រៅ ដែលកពូនឡើង ពីភាពជាសត្រូវនឹងគ្នា អស់រយៈកាល ៧០ឆ្នាំកន្លងមក” ៕

ដោយ៖​ ប៉ាង កុង

Facebook Comments

To Top