X

ប្រធានាធិបតីកូរ៉េខាងត្បូង សាទរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្តតំណែង ជានាយករដ្ឋមន្ត្រី អាណត្តិថ្មី

ភ្នំពេញ៖ លោក មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានផ្ញើសារអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចត្រូវបាន រដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកលចិត្ត ជានាយករដ្ឋមន្ត្រី អាណត្តិទី៦ ។

យោងតាមសារលិខិតអបអរសាទរ របស់លោក មូន ចេ អ៊ីន នៅថ្ងៃទី៦ កញ្ញា ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១២ កញ្ញានេះ បានសរសេរថា តាមនាមឲ្យរដ្ឋភិបាល និងប្រជាជនកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានអបអរសាទរ ដ៏ស្មោះត្រង់ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការទទួលជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា និងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាក់ថា “ខ្ញុំជឿជាក់ថា ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ នឹងដឹកនាំប្រទេសកម្ពុជា ឱ្យឈានទៅជាប្រទេស ដែលរីកចម្រើនប្រកបដោយនិរន្តរភាព” ។

លោកបន្ថែមថា លោកមានក្តីរីករាយ ដោយកូរ៉េនិងកម្ពុជា បាននិងកំពុងតែកសាងទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាព ដ៏រឹងមាំលើវិស័យជាច្រើន បន្ទាប់ពីបង្កើតទំនាក់ទំនង ការទូតឡើងវិញ កាលពីឆ្នាំ១៩៩៧ កន្លងមក ដូច្នេះខ្ញុំសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះចំណាប់អារម្មណ៍ និងការគាំទ្រដ៏វិសេសវិសាលរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដល់ការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

លោកគូសបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា ចាប់ពីពេលនេះតទៅ ខ្ញុំនិងសម្តេចតេជោ នឹងសហការគ្នាក្នុងការអភិវឌ្ឍទំនាក់ទំនងរបស់ប្រទេសទាំងពីរ ប្រកបដោយអត្ថប្រយោជន៍ និងទិសដៅឆ្ពោះទៅ ថ្ងៃអនាគតកាន់តែច្រើនថែមទៀត” ។

សូមរំលឹកផងដែរថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត ជានាយករដ្ឋមន្ត្រី អាណត្តិទី៦នេះ រួចមក មានបណ្ដាប្រទេសជាច្រើន បានផ្ញើសារអបអរសាទរ សម្ដេច ៕

ដោយ៖ ខា ដា