X

ទស្សនៈកូនខ្មែរ៖ រាជរដ្ឋាភិបាលថ្មី ​អាណត្តិទី៦ ក្រោមការសាទរពី​​ សហគមន៍អន្តរជាតិ!

ភ្នំពេញ៖ បណ្តារប្រទេសជាច្រើន ក្នុងលោក រាប់ទាំងមហាប្រទេស ប្រជាធិបតេយ្យធំៗផងបានចេញមុខ អបអរសាទរជាបន្តបន្ទាប ដល់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ។ ជាក់ស្តែង បន្ទាប់ពីឥណ្ឌា និងអាល្លឺម៉ង់ ដល់វេន ជប៉ុន ដែលបានផ្ញើសារអបអរ សាទរដល់លោក ហ៊ុន សែន ដែលបានបន្តទទួល តំណែងជានាយករដ្ឋមន្ត្រីថ្មី អាណត្តិទី៦ ។ គិត មកដល់ពេលនេះ មានប្រទេសជាច្រើន ដូចជាមហាយក្សចិន រុស្ស៊ី អ៊ុយក្រែន និងបណ្តារ ប្រទេសអាស៊ាន រួមទាំងប្រទេសជាមិត្តជាច្រើនទៀត សុទ្ធតែបានផ្ញើសារអបអរសាទរ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលកើតចេញពីការ បោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ បានទទួលការ ស្វាគមន៍ពីសហគមន៍អន្តរជាតិ យ៉ាងទូលំទូលាយផ្ទុយ ស្រឡះពីការឃោសនា និងការរំពឹងទុក របស់ក្រុមប្រឆាំងជ្រុលនិយម ដែលបានខិតខំធ្វើសកម្មភាព បំផ្លាញការបោះឆ្នោត និងចង់ឲ្យរាជរដ្ឋាភិបាលថ្មី កើតចេញពីការបោះឆ្នោត ដែលគ្មានគណបក្សរបស់ខ្លួន ចូលរួមត្រូវបានសហគមន៍ អន្តរជាតិផាត់ចោល ។

មានមូលហេតុច្រើនយ៉ាង ដែលសហគមន៍អន្តរជាតិស្វាគមន៍ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦៖ មូលហេតុទី១៖ ការបោះឆ្នោតនេះបាន ឆ្លុះបញ្ចាំងអំពីឆន្ទៈ និងជម្រើសរបស់ ប្រជាពលរដ្ឋខ្មែរជាង ៨៣% ដែលបានចេញទៅបោះឆ្នោត ដែលជាចំនួនច្រើនលើសលប់ ទោះបីជាក្រុមប្រឆាំងបានធ្វើយុទ្ធនាការ ម្រាមដៃស្អាតមិនឲ្យពលរដ្ឋ ចេញទៅបោះឆ្នោតក៏ដោយ ។ ហើយអ្នកបោះឆ្នោតភាគច្រើន លើសលប់បានបោះជូន គណបក្សប្រជាជនកម្ពុជា ហូតដល់ជាង ៧៧% ដែលធ្វើឲ្យបក្សកាន់អំណាច ដណ្តើមបានកៅអី ទាំងអស់នៅក្នុងរដ្ឋសភា ។

មូលហេតុទី២៖ ការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា បាន ប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងល្អ ប្រកបដោយសុខសន្តិភាព និងគ្មានអំពើហិង្សាកើតឡើងឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ ការបោះឆ្នោតនេះអាចចាត់ទុកថា ជាលើកដំបូងហើយ ស្ថានភាពមានលក្ខណៈល្អប្រសើរ ក្នុងគ្រប់ដំណាក់កាលទាំងមុន ទាំងអំឡុងពេល និងទាំងក្រោយការបោះឆ្នោត ។ ពលរដ្ឋខ្មែរសម្តែងការ សប្បាយរីករាយដោយ គ្មានអ្នកណាតវ៉ាអ្វីឡើយ តែផ្ទុយទៅវិញ ពួកគេមានអំណរ យ៉ាងខ្លាំងដោយឃើញការ បោះឆ្នោតដែលល្អបែបនេះ ។

មូលហេតុទី៣៖ ភ្លាមៗក្រោយការបោះឆ្នោត លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគោលនយោបាយ បម្រើប្រជាជនឲ្យកាន់តែល្អ ប្រសើរជាងមុខ ឲ្យមន្ត្រីរាជរដ្ឋាភិបាលខិតខំ ធ្វើការបម្រើពលរដ្ឋទ្វេដង ដើម្បីឲ្យពលរដ្ឋទទួល ផលប្រយោជន៍ជាក់ស្តែង បានច្រើនជាងមុន ។ នេះជាសារដ៏កក់ក្តៅ សម្រាប់ប្រជាពលរដ្ឋ ។

មូលហេតុទី៤៖ ភ្លាមៗក្រោយការបង្កើត រាជរដ្ឋាភិបាលថ្មីជាផ្លូវការ លោក ហ៊ុន សែន បាន បង្ហាញកាយវិការក្នុងនាម អ្នកដឹកនាំប្រកបដោយព្រហ្មវិហារធម៌ ពោះអ្នកប្រព្រឹត្តខុសហើយ ទទួលស្គាល់កំហុស ដោយ
បានទូលស្នើព្រះមហាក្សត្រ ឲ្យលើកលែងទោសដល់ទណ្ឌិត ដែលជាអតីតមន្ត្រីបក្សប្រឆាំង មួយចំនួនឲ្យចេញពីពន្ធនាគារ បន្ទាប់ពីពួកគេបាន សារភាពទទួលកំហុស ហើយសុំអន្តរាគមន៍ពីលោក ហ៊ុន សែន ។ ប្រមុខដឹកនាំប្រទេសក៏បាន ប្រកាសផែនការ លើកលែងទោសទ្រង់ទ្រាយធំ នៅក្នុងអំឡុងពេល បុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ ។

មូលហេតុទី៥៖ ការបង្កើតឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់តាមគំនិតផ្តួចផ្តើម របស់លោក ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យគណបក្ស ដែលមិនជាប់ឆ្នោតមានសំឡេង រួមចំណែកក្នុងគោលនយោបាយ ដឹកនាំប្រទេសក៏ជាសញ្ញាវិជ្ជមានថ្មី មួយទៀតសម្រាប់ដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

តើមានប្រទេសប្រជាធិបតេយ្យថ្មីថ្មោង ណាដែលអាចរៀបចំការ បោះឆ្នោតបានល្អបែបនេះ? ក្នុងន័យនេះ សហគមន៍អន្តរជាតិគ្មាន ជម្រើសអ្វីក្រៅតែពីបន្តកិច្ចសហការណ៍ល្អ ជាមួយរាជរដ្ឋាភិបាលថ្មីដែលកើត ចេញពីឆន្ទៈរបស់ ប្រជាពលរដ្ឋខ្មែរនោះឡើយ ។ ទាំងប្រជាពលរដ្ឋខ្មែរ ទាំងសហគមន៍អន្តរជាតិសុទ្ធ តែបានកត់សម្គាល់ដោយ មោទនៈភាពថា ប្រទេសកម្ពុជាកំពុង បោះជំហានទៅមុខ យ៉ាងល្អក្នុងសុខសន្តិភាព ពោលគឺ កម្ពុជាត្រូវការស្ថានការណ៍ បែបនេះ គឺមិនត្រូវការភាពវឹកវរ ចលាចលនៅក្រោយ ការបោះឆ្នោតឡើយ ។ សុខ សន្តិភាព និងស្ថិរភាពសង្គម គឺជាមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការអភិវឌ្ឍន៍ជីវភាពគ្រួសារ ហើយក៏ជាកត្តា អំណោយផល យ៉ាងល្អសម្រាប់ទំនាក់ទំនង អន្តរជាតិផងដែរ ។

ការអបអរសាទរយ៉ាងកងរំពង ពីសហគមន៍អន្តរជាតិ គឺជាសញ្ញាប្រាប់ថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឆាំង ជ្រុលនិយមដឹកនាំដោយ ទណ្ឌិតសម រង្ស៊ី ដើម្បីបំផ្លាញការបោះឆ្នោត បំផ្លាញរាជរដ្ឋាភិបាលថ្មី តាមបំណងទុច្ចរិតរបស់ខ្លួននោះ ទទួលបរាជ័យយ៉ាងអាម៉ាស់ ជាថ្មីម្តងទៀត ។ សហគមន៍អន្តរជាតិ បន្តសិ្ថតនៅជាមួយប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាល កើតចេញពីការបោះឆ្នោត តាមបែបប្រជាធិបតេយ្យពិតៗ គឺមិនមែនស្ថិតនៅជាមួយ ក្រុមឧទ្ទាមក្រៅច្បាប់ដែលដើរ ធ្វើសកម្មភាពប្រឆាំងប្រយោជន៍ជាតិ និងប្រជាជនខ្លួនឯងនោះឡើយ ៕

ដោយ៖ អ្នកតាមដាន នយោបាយកម្ពុជា!

Facebook Comments