អន្តរជាតិ

ចិនបង្ហាញជំហរ គាំទ្រឲ្យមានកិច្ចពិភាក្សាគ្នា រវាងអាមេរិកនិងកូរ៉េខាងជើង

ប៉េកាំង: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១១ ខែកញ្ញានេះ បានឲ្យដឹងថា ប្រទេសចិនបានប្រកាសសាជាថ្មី អំពីជំហរគាំទ្រទៅនឹងការចរចាគ្នា រវាងប្រទេសអាមេរិកនិងកូរ៉េខាងជើង។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ នៃក្រសួងការបរទេសចិន លោកGeng Shuang កាលពីព្រឹកថ្ងៃអង្គារនេះ បានធ្វើឡើង បន្ទាប់ពីសេតវិមាន បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានទទួលលិខិតមួយពីលោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកំពូល របស់កូរ៉េខាងជើង អំពីការស្នើសុំឱ្យមានកិច្ចប្រជុំមួយទៀត ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រួចមកនោះ។

អ្នកនាំពាក្យរបស់សេតវិមាន លោកស្រី Sarah Sanders បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃចន្ទថា គោលបំណងចំបងនៃលិខិតនេះ គឺដើម្បីពិនិត្យមើលកាលវិភាគលើកទីពីរ រវាងមេដឹកនាំទាំងពីរ។

អ្នកនាំពាក្យសេតវិមានរូបនេះ បាននិយាយទៀតថា ភាគីអាមេរិកគឺតែងតែបើកចិត្តយ៉ាងទូលាយ សម្រាប់កិច្ចប្រជុំនេះ ហើយកំពុងស្ថិតក្នុងដំណើរការ នៃការសម្របសម្រួលមួយ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top