X

ខ្សឹបដាក់ត្រចៀក ៖ មេគយខេត្តក្រចេះ ចាន់ សំបូរ អាងខ្នង នៅខាងលើ ប្រើតួនាទី និងអំណាច ប្រមូលលុយ គ្មានញញើតច្បាប់

ភ្នំពេញ៖ ចុងសប្តាហ៍នេះ អ្នកស្រុកក្រចេះ បានបង្ហើបរឿងរ៉ាវមួយចំនួនដល់នាយខ្លឹមអម្ពិល ជំវិញករណី ពុករលួយរបស់លោក ចាន់ សំបូរ ដែលជាប្រធានាសាខាគយខេត្តក្រចេះ ដែលអាងខ្នងបង្អែកនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រើតួនាទី អំណាចដើរ ប្រមូល លុយ ដោយគ្មានញញើតច្បាប់ទម្លាប់អ្វីទាំងអស់។

បើតាមប្រភពដែលនាយខ្លឹមអម្ពិល ទទួលបាន គឺថានៅពេលថ្មីៗនេះ លោកមេគយ ចាន់ សំបូរ បានប្រើកូនចៅរបស់ខ្លួន ដាក់ពង្រាយកម្លាំងចល័ត នៅតាមផ្លូវជាតិលេខ៧ ដើម្បីយកលុយពី ក្រុម ឈ្មួញ និងអាជីវករ តូចធំ ដែលបានដឹកទំនិញឆ្លងកាត់ផ្លូវនេះ ដោយយកលេសថា ប្រមូលពន្ធជូនរដ្ឋឲ្យបានគ្រប់ផែនការ តែមិនដឹងថាផែនការលោកមេគយនេះ ចេញមកពីណា ហើយត្រូវការប្រាក់ប៉ុន្មានទើបគ្រប់ផែនការនោះទេ។

ជាមួយគ្នានេះដែរ នាយខ្លឹមអម្ពិល ក៏បានទទួលដំណឹងពីប្រភពដែលស្និទ្ធនឹងលោក មេគយខេត្តក្រចេះថា លោក ចាន់ សំបូរ ព្រោះតែបានចំណាយដើមទុកច្រើន ដើម្បីទទួលបាន តំណែង ទើបខំប្រឹងស្រង់ដើមវិញយ៉ាងតក់ក្រហល់ បូករួមទាំងមានខ្នងបង្អែកនៅថ្នាក់លើទៀត ទើមគ្មានញញើតនិងច្បាប់ទម្លាប់ ហើយបានប្រើគ្រប់វិធីប្រមូលលុយ ចូលហៅប៉ៅផ្ទាល់ខ្លួន ហើយធ្វើរឹកយ៉ាងក្រអឺតក្រទមថែមទៀតផង។

បើនិយាយអំពីរថយន្តឈ្មួញ និងអាជីវក ទាំងតូចទាំងធំ ក្នុងមួយថ្ងៃៗបានដឹកជញ្ជូនទំនិញ ឆ្លងកាត់ផ្លូវជាតិលេខ៧ ពីច្រកត្រពាំងស្រែ ចូលមកក្រុងក្រចេះជាច្រើនគ្រឿង បូករួមទាំង រថយន្តឈ្មួញដឹកជញ្ជូនផលកសិកម្មចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ជាច្រើនគ្រឿង ទៀត គឺសុទ្ធសឹងតែជាប្រភពចំណូលរបស់លោក ចាន់ សំបូរ ។

ដោយឡែកមួយរយៈកន្លងទៅថ្មីៗនេះ លោកមេគយ បានចាត់ឲ្យមន្រ្តីគយខេត្តក្រចេះ យក រថយន្តពីរគ្រឿង ដាក់កាក់ផ្លូវនៅចំណុចកែងខ្លាស្ទុះ និងកែងផ្លូវក្នុងស្រុកស្នួល ចាំស្ទាក់ឃាត់ រថយន្តដឹកទំនិញចេញពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដើម្បីគាបទារលុយ ពីម្ចាស់រថយន្តដឹតទំនិញទាំងនោះតាមអំពើចិត្តរបស់ក្រុមខ្លួន ដែលនេះជាវិធីប្រមូលលុយចូល ហោប៉ៅផ្ទាល់ខ្លួនរបស់លោកមេគយ និងកូនចៅជំនិតៗរបស់គាត់។

ជាមួយគ្នានេះដែរ បងប្អូនដែលជាក្រុមឈ្មួញ អាជីវករ ដែលដឹកទំនិញធ្វើដំណើរឆ្លង កាត់តាមផ្លូវជាតិលេខ៧ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសខាងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំក្នុងអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តា ជួយពិនិត្យ និងស៊ើបអង្កេតចំពោះសកម្មភាពរបស់លោក ចាន់ សំបូរ មេគយខេត្តក្រចេះ ចំពោះការដាក់កម្លាំងពង្រាយ ដើម្បីគាបយកលុយពីរថយន្តដឹកទំនិញតូច-ធំ ហើយជាពិសេស នោះគឺដើរប្រមូលលុយគ្រប់រូបភាព ដោយមិនញញើតអ្វីទាំងអស់ក៏ព្រោះ តែលិចឮថាមេគយ រូបនេះ មានខ្នងបង្អែកនៅថ្នាក់លើ។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមិនទាន់អាចសុំការ បំភ្លឺពីលោក ចាន់ សំបូរ មេគយខេត្តក្រចេះបាននោះទេ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ជំវិញព័ត៌មានថា បានដាក់កម្លាំងចល័ត ស្ទាក់គាបលុយពីក្រុមឈ្មួញ និងអាជីវករ ដែលដឹកទំនិញ ឆ្លងកាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ និងការដើរប្រមូលលុយគ្រប់រូប ភាពដាក់ចូលហោប៉ៅផ្ទាល់ខ្លួន ដោយមិនញញើតច្បាប់ទម្លាប់នោះ៕

ដោយ៖នាយខ្លឹមអម្ពិល

Facebook Comments