X

ក្រសួងមហាផ្ទៃដាក់ចេញ គោលការណ៍ ចំបងៗមួយចំនួន សម្រាប់អាណត្តិថ្មី

ភ្នំពេញ៖ក្រោយសម្រេច ការងារអាណត្តិចាស់បាន យ៉ាងរលូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដាក់ចេញ គោលការណ៍ចំបងៗ ក្នុងការយកចិត្តទុកដាក់ អនុវត្តន៍តួនាទីមួយចំនួន ប្រកបដោយភាពសាកស័ក្ត ឲ្យបានល្អបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ថ្មី។

សម្តេច ស ខេង បានថ្លែងក្នុងពិធីប្រកាស ចូលកាន់តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ថា “ផ្អែកលើបេសកកម្មខាងលើនេះ ក្រសួងមហាផ្ទៃ ត្រូវបន្តយកចិតុ្តទុកដាក់ អនុវត្តន៍ភារកិច្ច នូវតួនាទីចំបងៗ របស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព និងភាពសាកស័ក្តបន្ថែមទៀត នៅក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦នៃរដ្ឋសភា”។

សម្ដេចបន្តថា គោលការណ៍ចំបងៗនោះ រួមមាន៖បន្តថែរក្សាការពារឲ្យបានដាច់ខាត នូវសុខសន្តិភាពស្ថេរភាព និងអធិបតេយ្យភាពជាតិ ក្នុងនោះត្រូវបញ្ជាដឹកនាំ កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ដោយលើកកម្ពស់កិច្ចសហការសម្របសម្រួលជាមួយក្រសួងស្ថាប័ន និងសមត្ថកិច្ច ពាក់ព័ន្ធដទៃទៀត ក្នុងការការពារបូរណៈភាពទឹកដី និងសន្តិសុខជាតិ ។ ទប់ស្កាត់និងបង្រ្កាបឲ្យខានតែបានរាល់សកម្មភាព ល្មើសច្បាប់នានាដែលប៉ុនប៉ង ធ្វើឲ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពសង្រ្គាម ភាពចលាចរ និងវឹកវរក្នុងសង្គម ។ បន្តលើកកម្ពស់ការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងសង្គម និងការទទួលខុសត្រូវ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជារការឯកភាពគ្រប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ។

សម្តេចបន្តថា ត្រូវបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសនានា ក្នុងសង្គមពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់។ អនុវត្តន៍ម៉ឹងម៉ាត់នៃច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក សកម្មភាពឆក់ប្លន់ និងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យជាដើម។ បន្តខិតខំបង្កើនកិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ច នៃប្រទេសក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បីរួមគ្នាបង្រ្កាបភេវកម្ម អន្តជាតិ ឧក្រិដកម្មអន្តរជាតិ ឧក្រិដកម្មព័ត៌មានវិទ្យា និងបទល្មើសឆ្លងកាត់ព្រំដែន គ្រប់ប្រទេស។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា បន្តយកចិត្តទុកដាក់ការងារ គ្រប់គ្រង ប្រព័ន្ធរៀបចំទិន្នន័យ អត្តសញ្ញាណ ប្រជាពលរដ្ឋតាមរយៈការគ្រប់គ្រងក្របខណ្ឌច្បាប់ ឲ្យបានឆាប់ជាទីបំផុត ដើម្បីអនុវត្តន៍ដោយផ្អែកលើផែនការយុទ្ធសាស្រ្ត ស្ដីពីអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ ។ បន្តពង្រឹង និងការលើកកម្ពស់ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ លើការងារគ្រប់គ្រងជនអន្តោរប្រវេសន៍ ការងារគ្រប់គ្រងពន្ធនាគារ ការងារប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ៕

Facebook Comments