X

Honda ថា ការចាញ់ម៉ាឡេស៊ីយប់មិញ គឺជាទំនួលខុសត្រូវ ផ្ទាល់របស់ខ្លួន

ភ្នំពេញ៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវម៉ាឡេស៊ី ៣-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិកាលពីយប់មិញ គឺជាទំនួលខុសត្រូវរបស់ខ្លួន ដែលត្រូវស្វែងរកដំណោះស្រាយ ដើម្បីជំរុញក្រុមជម្រើសជាតិឲ្យកាន់តែរីកចម្រើន ។ នេះបើតាមការថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតយប់មិញ ។

ស្ថាបនិកក្រុមបាល់ទាត់សូលទីឡូអង្គររូបនេះ បាននិយាយថា «លទ្ធផល គឺជាលទ្ធផល គឺយើងចាញ់ ហើយទាក់ទងនឹងលទ្ធផលនេះ គឺជាទំនួលខុសត្រូវរបស់ខ្ញុំផ្ទាល់ ហើយយប់នេះ(យប់មិញ) ក្រោយចប់ការប្រកួត យើងប្រហែលជាត្រូវដឹង នឹងត្រូវធ្វើម៉េច ហើយយើងស្ឃឹមថា នឹងអាចរកបាននូវដំណោះស្រាយ ដើម្បីកែលម្អឲ្យបានល្អប្រសើរជាងនេះ សម្រាប់ការប្រកួតបន្ដបន្ទាប់ទៀត» ។

ការថ្លែងរបស់ Honda គឺលោកមិនបន្ទោសកូនក្រុមនោះទេ ផ្ទុយទៅវិញ លោកបានសម្ដែងការពេញចិត្តជាខ្លាំង ចំពោះទម្រង់លេងរបស់កូនក្រុម ។ លោកថា «ខ្ញុំចង់និយាយពីចំណុចខ្លាំងរបស់កម្ពុជាច្រើនជាង ពីព្រោះក្នុងការប្រកួតនេះ យើងអាចបង្ហាញដល់អ្នកទាំងអស់គ្នា នូវអ្វីដែលយើងចង់លេង ។ ប្រាកដណាស់ ៣០នាទីដំបូង យើងធ្វើបានល្អមែនទែន ប៉ុន្ដែយើងត្រូវកែតម្រូវឲ្យច្រើនជាងនេះ ព្រោះបាល់ទាត់ គឺលេង ៩០នាទី មិនមែនលេង ៣០នាទីទេ» ។

សូមបញ្ជាក់ថា ក្រោយចប់ការប្រកួតមិត្តភាពនេះ ក្រុមទាំងពីរ នឹងត្រូវជួបគ្នាលើទីលានពហុកីឡដ្ឋានជាតិម្ដងទៀត នាថ្ងៃទី០៨ ខែវិច្ឆិកា ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2018 ។ ទន្ទឹមជាមួយគ្នា កម្ពុជាក៏មានកាតព្វកិច្ចបើកទ្វារផ្ទះ ទទួលក្រុមជម្រើសជាតិ ២ប្រទេសផ្សេងទៀត ដើម្បីត្រៀមការប្រកួតផ្លូវការខាងលើផងដែរ គឺត្រូវជួបក្រុមទីម័រខាងកើត និងសិង្ហបុរី នាថ្ងៃទី១២ និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិដូចៗគ្នា ៕

ដោយ៖ លី សង្ហារ

Facebook Comments