X

Full Story៖ ជប៉ុនសាទរ សម្ដេចតេជោ ក្នុងឱកាសបន្តតំណែង ជានាយករដ្ឋមន្ត្រី អាណត្តិថ្មី

ភ្នំពេញ៖ លោក ស៊ិន ហ្សូអាបេ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានផ្ញើសារអបអរសាទរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចបន្ត តំណែងជានាយក រដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា អាណត្តិទី៦ ។

ជប៉ុនត្រូវបានគេដឹងថា ជាប្រទេសមួយនៅតែ បន្តគាំទ្រ និងផ្តល់ជំនួយជាបន្តបន្ទាប់ មកកម្ពុជា ព្រមទាំងចង់ឃើញកម្ពុជា មានការរីកចម្រើន ទៅមុខទៀត បើទោះបីជាមុនការបោះឆ្នោតអតីត អ្នកគណបក្សសង្គ្រោះជាតិ ប្រចាំអាមេរិកបានធ្វើបាតុកម្ម នៅមុខស្ថានទូតជប៉ុន ប្រចាំអាមេរិក ដើម្បីទាមទារឲ្យរដ្ឋាភិបាល ជប៉ុន ផ្អាកការផ្តល់ជំនួយមកកម្ពុជា ក្នុងពេលបោះឆ្នោត នៅពេលខាងមុខ ។

ក្នុងពេលបោះឆ្នោតថ្នាក់ជាតិ នៅកម្ពុជា ទោះបីជាជប៉ុនមិនបាន បញ្ជូនអ្នកសង្កេតការណ៍ខ្លួនមកពិនិត្យតាមដាន ការបោះឆ្នោត ប៉ុន្តែជប៉ុននៅតែបន្តផ្តល់ជំនួយ ទាំងថវិកា និងសម្ភារៈជាហិបឆ្នោត ចំនួន១២.០០០ទៀតមកទ្រទ្រង់ ការបោះឆ្នោត។

ក្រោយបញ្ចប់ការបោះឆ្នោត លោក តូស្សីហីរ៉ូ នីកៃ អគ្គលេខាធិការបក្សប្រជាធិបតេយ្យសេរី សមាជិកសភាតំណាងរាស្រ្តជប៉ុន ក្នុងនាមនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិន ហ្សូអាបេ ក៏បានសម្តែងការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះដ៏លើសលុបនៅក្នុងការបោះឆ្នោតជាសកល។

យោងតាមលិខិតអបអរសាទរ របស់នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី១១ កញ្ញាបានឲ្យដឹងថា “ខ្ញុំសូមសម្ដែងនូវអំណរសាទរចំពោះសម្ដេចដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីកម្ពុជា ជាថ្មីឡើងវិញ ព្រមទាំងចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មីនាពេលនេះ” ។

នាយករដ្ឋមន្ត្រីជប៉ុន បានមានប្រសាសន៍តាមរយៈលិខិតថា កម្ពុជាទទួលបានសុខសន្តិភាព និងស្ថិរភាពក្នុងរយៈពេល ២៥ឆ្នាំ កន្លងទៅនេះ ក្រោយការបោះឆ្នោតរៀបចំ ដោយ អ៊ុន តាក់ (UNTAC) ។

នាយករដ្ឋមន្ត្រីជប៉ុនបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រជាជនកម្ពុជាទាំងអស់ នឹងរួបរួមគ្នា និងសម្រេចបានការអភិវឌ្ឍខ្លាំងក្លាបន្ថែមទៀត តាមរយៈការបន្តលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា” ។

នាយករដ្ឋមន្ត្រីជប៉ុន ក៏ទន្ទឹងរង់ចាំផ្លាស់ប្ដូរយោបល់ជាមួយសម្ដេចអំពីបញ្ហានានា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលជប៉ុន-មេគង្គ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ក្នុងខែតុលានេះ ។

ទន្ទឹមគ្នានោះដែរលោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានផ្ញើសារអបអរសាទរ លោក ប្រាក់ សុខុន ក្នុងឱកាសដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ សម្រាប់អាណត្តិទី៦នេះ ។

ក្នុងលិខិតនោះលោក កូណូ បានសរសេរថា “ខ្ញុំសូមសម្ដែងនូវអំណរសាទរ ចំពោះឯកឧត្ដម ដែលត្រូវបានតែងតាំង ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាថ្មីឡើងវិញ ក្នុងឱកាសនៃការបង្កើត រាជរដ្ឋាភិបាលថ្មី នាពេលនេះ” ។

សូមរំលឹកផងដែរថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភាបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្ត ជានាយករដ្ឋមន្ត្រីអាណត្តិទី៦រួចមក មានបណ្ដាប្រទេសជាច្រើន បានផ្ញើសារអបអរសាទរផងដែរ ៕

ដោយ៖ ខា ដា

Facebook Comments