ព័ត៌មានជាតិ

​ពលរដ្ឋ៤១នាក់ នៅស្រុកស្វាយទាប ត្រូវបានសមត្ថកិច្ច អោយធ្វើកិច្ចសន្យា បញ្ឈប់ការឆក់ត្រីខុសច្បាប់

ស្វាយរៀង៖ កម្លាំងចម្រុះសហការគ្នា ចុះបង្ក្រាប និងដកហូតយកមករក្សាទុក ឧបករណ៍ឆក់ត្រី៤១គ្រឿង ព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការឆក់ត្រី និងនេសាទត្រីដោយខុសច្បាប់ ដល់​ពលរដ្ឋដែលមានលួចលាក់ នូវឧបករណ៍ឆក់ត្រីសរុបចំនួន៤១នាក់។

បើតាមសមត្ថកិច្ចស្រុកស្វាយទាប បានឲ្យដឹងថា ការចុះបង្ក្រាប និងធ្វើកិច្ចសន្យាបញ្ឈប់ ការប្រើប្រាស់ឧបករណ៍ឆក់ត្រីខាងលើនេះ ធ្វើឡើង កាលពីវេលាម៉ោង៧៖៣០នាទីព្រឹក ដល់ម៉ោង៣រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឈើទាល ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ច​ បានបន្តទៀតថា មុនធ្វើការបង្ក្រាប និងដកហូតឧបករណ៍ឆក់ខាងលើនេះ គឺមានពលរដ្ឋរាយការណ៍ថា មានអ្នកភូមិប្រើប្រាស់ឧបករណ៍ឆក់ ដើរ​លួចឆក់ត្រីតាមបឹងប្រឡាយ ទើប​កម្លាំងអាវុធហត្ថស្រុក សហការជាមួយ កម្លាំងអធិការនគរបាលស្រុកស្វាយទាប ដឹកនាំដោយលោក កើត សុខា ក្រុមប្រឹក្សាឃុំគគីរសោម ចុះបង្ក្រាបដកហូត និងពលរដ្ឋបានប្រគល់នូវឧបករណ៍ឆក់រួមមាន ៖ ដុំឆក់ត្រី៤១គ្រឿង ប្រម៉ោយឆក់៣២គូ និងធ្វើកិច្ចសន្យាបញ្ឈប់ការ ឆក់ និងនេសាទត្រីដោយខុសច្បាប់ទៀត លើពលរដ្ឋទាំង៤១នាក់នោះ៕ ដោយ៖ ព្រឿង វិសាល

Facebook Comments

To Top