ព័ត៌មានជាតិ

ស្នងការនគរបាល រាជធានីភ្នំពេញថ្មី ប្ដេជ្ញាគោរព តាមបទបញ្ជា បម្រើផល ប្រយោជន៍ពលរដ្ឋ

ភ្នំពេញ ៖ ក្នុងឱកាសចូលកាន់តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី លោក ស ថេត បានធ្វើការប្ដេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការគោរពនូវបញ្ជានានា ពីថ្នាក់ដឹកនាំ ដើម្បីបម្រើផល ប្រយោជន៍ជូនជាតិ ក៏ដូចជាប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

លោក ស ថេត មុនបានឡើងមកកាន់តំណែង ជាស្នងការនគររាជធានីភ្នំពេញ លោកជា ស្នងការ ខេត្តបាត់ដំបង បន្ទាប់មកក៏បានផ្ទេរមកអគ្គស្នងរង នគរបាលជាតិ។

លោក ស ថេត បានថ្លែងក្នុងពិធីប្រកាស ចូលកាន់តំណែងស្នងការ នគរបាលរាជធានីភ្នំពេញ ថ្មី ដែលលោកចូលកាន់តំណែងជំនួស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ថា “ខ្ញុំសូមធ្វើការប្ដេជ្ញាចិត្តអនុវត្តន៍ យ៉ាងស្មោះត្រង់ បំផុតចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពនិងប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ ចំពោះរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា គោរពនិងអនុវត្តន៍តាមកម្មវិធីនយោបាយចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ប្រតិបត្តិយ៉ាងម៉ឹងម៉ាត់ និងដោយសច្ចធម៌ ចំពោះមុខច្បាប់និងបទបញ្ញត្តិផ្សេងៗ របស់ថ្នាក់​ដឹកនាំគ្រប់លំដាប់ថ្នាក់ យកអស់កម្លាំង​ កាយចិត្តនូវគំនិតប្រាជ្ញា ដើម្បីបម្រើសេវាសាធារណៈ​ជូនដល់ប្រជាពលរដ្ឋ រក្សាសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត ឲ្យបានល្អប្រសើរ” ។

លោកបន្តថា ដើម្បីសម្រេចបានការងារថ្មីៗ​ត្រូវមានការចាំបាច់សហប្រតិបត្តិការ​ពីសំណាក់​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាមួយស្ថាប័នពាក់ព័ន្ធនានា ដែលមានកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អង្គការជាតិ-អន្តរជាតិ ក្នុងការសំដៅឆ្លុះបញ្ចាំងអំពីចំណុច​អវិជ្ជមាន​មួយចំនួន ដើម្បីធានាអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យដ៏ត្រជះ​ត្រចង់ផងដែរ។

ស្នងការរាជធានីភ្នំពេញថ្មី បានបញ្ជាក់ថា កត្តាដែលនាំឲ្យរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់បានល្អ គឺជាជោគជ័យនៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ និងការអនុវត្តទិសដៅ ដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិបានដាក់ចេញ។

ក្នុងឱកាសនោះដែរ អតីតស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានថ្លែងអំពី​សមិទ្ធផលដែលលោកបានសាងឡើងក្នុងអាណត្តិរបស់លោក ធ្វើជាស្នងការរាជធានី​ភ្នំពេញកន្លងទៅ។

គួរបញ្ជាក់ថា លោក ជួន សុវណ្ណ ត្រូវបានឡើងតំណែងជាស្នងការ នគរបាលរាជធានីភ្នំពេញ នៅក្នុងអំឡុងឆ្នាំ២០១២ ជំនួសលោក ទូច ណារ៉ុថ ដែលត្រូវបានតែងតាំងជាប្រធាន នាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ហើយបន្តមកទៀតលោក ជួន សុវណ្ណ ក៏ត្រូវតម្លើង​ជាអគ្គស្នងការរងនគរបាលជាតិ ៕

ដោយ៖អេង ប៊ូឆេង

To Top