នយោបាយ

លោក អូស្មាន ហាស្សាន់ ជួបប្រធានមជ្ឈមណ្ឌលវិទ្យាសាស្រ្ត ហាឡាលប្រទេសថៃ ដើម្បីពង្រឹងវឌ្ឍនភាព ហាឡាល នៅកម្ពុជា

បាងកកៈ នៅព្រឹកថ្ងៃទី ១១ កញ្ញា ២០១៨នេះ ក្នុងបេសកកម្ម ទៅកាន់ប្រទេសថៃ លោកឧកញ៉ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស បានបន្តដឹកនាំគណៈប្រតិភូ ទទួលជួបសំណេះ សំណាលជាមួយ ថ្នាក់ដឹកនាំវិទ្យាសាស្រ្តហាឡាល របស់ប្រទេសថៃ លោកបណ្ឌិត Winai Dahlan ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្រ្ត ហាឡាលប្រទេសថៃ និងលោកបណ្ឌិត Prakon Priyakorn អគ្គលេខាធិការក្រុមប្រឹក្សា កណ្តាលឥស្លាម ប្រទេសថៃ ។

តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្រ្តី បានអោយដឹងថា ជំនួបនេះធ្វើឡើង ក្នុងគោលបំណងសិក្សាស្វែងយល់ ពីវឌ្ឍនភាពហាឡាល ប្រទេសទាំង២ កម្ពុជាថៃ ជាពិសេសការចែករម្លែក បទពិសោធន៍ពីការរីកចម្រើន ឧស្សាហកម្មហាឡាលថៃ ដែលបានដើរមុនកម្ពុជា ហើយក៏ជាអ្នកដែលមានបទពិសោធន៍ ជោគជ័យស្រាប់។

ក្នុងជំនួបនេះដែរ មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល គ្រោងនឹងផ្តល់អាហាររូបករណ៍ មួយចំនួនដល់ក្រុមឯកទេសហាឡាលកម្ពុជា ដើម្បីទៅសិក្សាពង្រឹងបច្ចេកទេសវិទ្យាសាស្រ្តហាឡាល នៅមជ្ឍមណ្ឌលនេះ ដែលមានទីតាំងនៅទីក្រុងបាងកក។

លោកទេសរដ្ឋមន្រ្តី បានជម្រាបភាគីហាឡាលថៃថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះៗជាច្រើនបន្តបន្ទាប់ ក្នុងគោលបំណងបន្ត អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ក្នុងវិស័យឧស្សាហកម្មគ្រប់ផ្នែក បូកទាំងឧស្សាហកម្មហាឡាល គឺជាគោលដៅចម្បង ដែលកម្ពុជា កំពុងយកចិត្តទុកដាក់ ជំរុញអោយមាន កំណើនវិនិយោគ ឧស្សាហកម្មហាឡាល ពីវិនិយោគិនបរទេស។

ក្នុងជំនួបនេះដែរក្រុមប្រឹក្សាកណ្តាល ឥស្លាមប្រទេសថៃ(CICOT) ក៏បានអញ្ជើញ លោកទេសរដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា ទៅចូលរួម សន្និសីទអន្តរជាតិហាឡាលថៃឆ្នាំ ២០១៨ លើកទី10 នៅថ្ងៃទី ១៤១៦ ធ្នូ ២០១៨ នៅទីក្រុងបាងកក៕

To Top