នយោបាយ

លោកស្រីម៉ែន សំអន ៖ ជំនួយនិង សហប្រតិបត្តិការ កម្ពុជា-ចិន ជំរុញល្បឿន ស្តារអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអះអាងថា ជំនួយនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា-ចិន ជាកត្តាជំរុញល្បឿន នៃការស្តារនិងអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចកម្ពុជា​ឲ្យសម្រេចបាន ជោគជ័យ និងបានជួយលើកកម្ពស់ជីវភាព របស់ប្រជាជនកាន់ តែប្រសើរឡើងជាលំដាប់។

ជំនួបជាមួយប្រតិភូ សហព័ន្ធយុវជនទូទាំងប្រទេសចិន ដឹកនាំដោយលោក ហើ ជុនកិ (He Junke) ប្រធានសហព័ន្ធយុវជនទូទាំងចិន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី ម៉ែន សំអន បានលើកឡើងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចជាប្រចាំ។ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន បានចូលរួមការ តាំងពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

ជាមួយគ្នានោះដែរ កម្ពុជាអរគុណយ៉ាងជ្រាលជ្រៅ ចំពោះគុណបំណាច់ដ៏ធំធេង​របស់បក្ស​កុម្មុយនិស្តចិន ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភដល់កម្ពុជា តាមរយៈការ​ផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីសម្បទាន ក្នុងដំណាក់កាលដែលកម្ពុជាត្រូវការ ជំនួយដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេស រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ថាមពល ធារាសាស្ត្រ កសិកម្ម ពាណិជ្ជកម្ម និងសង្គមកិច្ច ជាដើម។ លើសពីនេះ ចិនបាន បញ្ជូនអ្នកវិនិយោគ និងអ្នកទេសចរណ៍ មកធ្វើពាណិជ្ជកម្ម និងមកទស្សនាកម្ពុជាផងដែរ។

លោកស្រីបញ្ជាក់ថា “ជំនួយនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងចិននិងកម្ពុជា ជាកត្តាជំរុញ ល្បឿន នៃការស្តារនិងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាឲ្យសម្រេចបានជោគជ័យ និង បានជួយលើកកម្ពស់ជីវភាព របស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់”។

ឱកាសនោះដែរ លោក ហើ ជុនកិ ប្រធានសហព័ន្ធយុវជនទូទាំងប្រទេសចិន បានលើកឡើង ថា នេះជាដំណើរទស្សនកិច្ចលើកទី១មកកាន់កម្ពុជា ។ សហព័ន្ធយុវជនប្រទេស ចិនមានកិច្ច សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ដែលមាន​កិច្ចសហការធំទូលាយសំដៅលើការងារយុវជន ហើយបានជំរុញឲ្យយុវជនកម្ពុជា និងចិន កាន់តែជិតស្និទ្ធជាមួយគ្នា ។ ថ្នាក់ដឹកនាំចិនសង្ឃឹមថាយុវជនចិន-កម្ពុជា នឹងបន្តកិច្ចសហការ​យ៉ាងស៊ីជម្រៅជាមួយគ្នា៕

ដោយ ស សំណាង

Facebook Comments

To Top