ព័ត៌មានជាតិ

រន្ទះបាញ់​លាន់ឮ ​កក្រើក​ដី​ សម្លាប់​សត្វ​គោ ​៩​ក្បាល នៅ​ស្រុក​សំបូរ

ភ្នំពេញ ៖ សត្វ​គោ​ញី​ឈ្មោល​តូច​ធំ​ ចំនួន​៩​ក្បាល ក្នុងចំណោម​ជាង​៧០​ក្បាល​ របស់​ប្រជាកសិករ រស់​នៅ​នៅ​ខាងក្រោយ​ភូមិ​វឌ្ឍនៈ ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្ត​ក្រចេះ ត្រូវ​រន្ទះបាញ់​ប្រកាច់​ងាប់​ភ្លាមៗ នៅក្នុង​ក្រោល​ខាងក្រោយ​ភូមិ​ទាំង​ខ្សែ​ចំណង ខណៈ​មេឃ​មាន​ភ្លៀង ​និង​ខ្យល់​បក់​ខ្លាំង​ឡើង​កាលពី រសៀល​ថ្ងៃ​ទី​១០ កញ្ញា​។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

​ក្នុង​ហេតុការណ៍​រន្ទះបាញ់ លាន់ឮកក្រើក​ដី​ បន្ទាប់​ពី​មេឃ​មាន​ភ្លៀង​និង​ខ្យល់​បក់​ខ្លាំង ត្រូវបាន​អាជ្ញាធរ ស្រុក​សំបូរ អះអាងថា បាន​បណ្តាលឱ្យ​សត្វ​គោ​ញី​ឈ្មោល​ចំនួន​៩​ក្បាល ក្នុងចំណោម​ហ្វូង គោ​ចំនួន​៧២​ក្បាល ដែល​ចង​ក្នុង​ក្រោល​តែ​មួយ ​នៅ​ខាងក្រោយ​ភូមិ​វឌ្ឍនៈ ត្រូវបាន​រន្ទះបាញ់​ងាប់​ដួល​រដូករណែល​នៅក្នុង​ក្រោល​។

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​វឌ្ឍនៈ លោក អនុសេនីយ៍ត្រី ញ៉ែម សិដ្ឋ បានឱ្យដឹងថា សត្វ​គោ​ទាំងនេះ​មាន​ម្ចាស់​ឈ្មោះ យ៉ុន សុខា អាយុ​៤៨​ឆ្នាំ ជា​កូន​របស់​លោក​មេឃុំ ដែល មាន​ចិញ្ចឹម​គោ​ច្រើនជាងគេ ​នៅក្នុង​ឃុំ​នេះ​។

លោក​ថា ​ក្នុង​ហេតុ​ការណ៍ ​ឧប្បតិ្តហេតុ​រ​ន្ទៈបា​ញ់​នេះ ក្រៅពី​គោ​ញី ឈ្មោល ចំនួន​៩​ក្បាល បាន​ងាប់​ភ្លាមៗ គឺ​មិន​មាន​បណ្តាល ឱ្យ​ជន​ណា​ម្នាក់​រងគ្រោះថ្នាក់​ទៀ​ត​នោះទេ ខណៈ​ដែល គោ​ទាំង​នោះ​ត្រូវបាន​ម្ចាស់ ​យក​ទៅ​ចង​នៅ​ក្នុង​ក្រោល ​នៅក្រោម​ដើមឈើ​នៅក្រោយ​ភូមិ​។​

ការ​ងាប់​របស់​សត្វ​គោ ដោយសារ​តែ​រន្ទះបាញ់​សម្លាប់ ដែល​អាជ្ញាធរ​ថា មិន​ធ្លាប់​កើតមាន​ និង​បាន​សម្លាប់​សត្វ​គោ​ញី​ឈ្មោល អស់​ចំនួន​៩​ក្បាល​នេះ បាន​ធ្វើឱ្យ​ពលរដ្ឋ​សម្តែង ការសោកស្តាយ​ជា​ខ្លាំង ខ​ណៈ​ដែលស​ត្វ​គោ ដែល​ជា​កម្លាំង​អូសទាញ​ដ៏​ចាំបាច់​សម្រាប់ វិស័យ​កសិកម្ម និង​ក៏​មាន​តម្លៃ​ថ្លៃ​ដែរនោះ ត្រូវ​បាន​ងាប់​ស្ទើរ​ទាំង​ក្រោល ៕ ដោយ៖ នឿត​ សុភក្រ្ត

Facebook Comments

To Top