ព័ត៌មានជាតិ

មេធាវី៖លោកកឹម សុខា ឃុំខ្លួនក្នុងផ្ទះ មិនអនុញ្ញាត ចេញជួបជនបរទេស និងសកម្មជនឡើយ

ភ្នំពេញ៖ លោក ស្រីម៉េង សុធារី មេធាវីការពារក្ដីឲ្យលោក កឹម សុខា អតីតប្រធានអតីត គណបក្សសង្គ្រោះជាតិ បានអះអាងកូនក្ដីរបស់លោកស្រី ត្រូវបានឃុំខ្លួនក្នុងផ្ទះ ដោយមិនអនុញ្ញាតឲ្យចេញជូបសកម្មជន ជនបរទេស និងអ្នកនយោបាយឡើយ ។

ការអះអាងរបស់មេធាវីនេះបន្ទាប់ លោក កឹម សុខា ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពបណ្តោះអាសន្ន និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ កាលពីទៀបភ្លឺថ្ងៃទី១០ កញ្ញាកន្លងមក។

លោក ស្រីម៉េង សុធារី ឲ្យបានឲ្យដឹងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១០កញ្ញាថា”លោកកឹម សុខា ត្រូវបានដោះលែង ពីការឃុំខ្លួននៅត្រពាំងផ្លុង ដោយអនុញ្ញាត ឲ្យមករស់នៅក្នុងលំនៅឋានរបស់គាត់វិញ ប៉ុន្តែត្រូវស្ថិតនៅ ក្រោមលក្ខខណ្ឌ ដែលកំណត់ដោយចៅក្រមដូចជា៖ មិនអនុញ្ញាតឲ្យចេញពី ព្រំប្រទល់ដែនដី ដែលកំណត់ដោយចៅក្រម ស៊ើបសួរ គឺគាត់អាចដើរបាន តែនៅជិតៗផ្ទះគាត់ប៉ុណ្ណោះ ក្នុងករណីគាត់ចង់ទៅឆ្ងាយជាងនេះ ដោយសារហេតុផល សុខភាព ត្រូវសុំការអនុញ្ញាតពីចៅក្រម។ មិនឲ្យជួបអតីតថ្នាក់ដឹកនាំCNRP”។

លោកស្រីមេធាវីបានឲ្យដឹងទៀតថា ក្រៅពីមិនអនុញ្ញាតជួបសកម្មជន និងថ្នាក់ដឹកនាំតុលាការ មិនឲ្យជួបជនបរទេស ជាពិសេសជនបរទេស ដែលអាចមានការពាក់ព័ន្ធ ក្នុងសំណុំរឿងនិងមិនឲ្យធ្វើសកម្មភាពជួបជុំ ក្នុងគោលដៅនយោបាយ…។ យ៉ាងណាក្តីលោកស្រីមេធាវី បានអះអាងថា ការឃុំខ្លួននៅផ្ទះរបស់លោក កឹម សុខា គឺគ្រាន់បើជាងឃុំ នៅក្នុងពន្ធនាគារបន្តិច។

ក្រោយពីត្រូវបានដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន និងដាក់នៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានស្នើដល់អគ្គស្នងការ នគរបាលជាតិជួយការពារ សុវត្ថិភាពផ្ទាល់ខ្លួន។

យោងតាម លិខិតរបស់លោក កឹម សុខា ផ្ញើជូនអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី៩កញ្ញាបានឲ្យដឹងថា ” យោងតាមការសម្រេចឲ្យ នៅក្រៅឃុំបណ្ដោះអាសន្ន និងដាក់ឲ្យស្ថិតនៅក្រោម ការត្រួតពិនិត្យតាមផ្លូវ តុលាការរបស់ចៅក្រមស៊ើបសួរ ខ្ញុំបាទ កឹម សុខា សូមស្នើសុំឯកឧត្តម អគ្គស្នងការនគរបាលជាតិ មេត្តាជួយការងារសុវត្ថិភាព របស់ខ្ញុំដោយក្ដីអនុគ្រោះ”។​

គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមាន អំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជា ណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅពាក់ កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (ប្រ.ជ) បានលើកឡើងថា តុលាការដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន គឺគ្មានទាក់ទងនឹងការគាបសង្កត់ ពីបរទេស ឡើយ៕ ដោយ៖ ស សំណាង

Facebook Comments

To Top