ព័ត៌មានជាតិ

មន្ទីរពេទ្យគន្ធបុប្ផា បើកទ្វារចំហរឲ្យពលរដ្ឋ ចូលគោរពវិញ្ញាណក្ខន្ធ លោក បីច រីចច្នឺ

ភ្នំពេញ៖ប្រជាពលរដ្ឋ ទូទាំងប្រទេស មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត បីច រីចច្នឺ (Beat Richher) ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផាកម្ពុជា ឆ្លើយតបទៅនឹងការសោកស្ដាយនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ធា គ្រុយ បានបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា បានបើកទ្វារចំហរឲ្យប្រជាពលរដ្ឋទូទៅ ចូលគោរពវិញ្ញាណក្ខន្ធ លោក បីច រីចច្នឺ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្ដេជ្ញាបន្ដ បំណងប្រាថ្នារបស់លោក បីច រីចច្នឺ ក្នុងការជួយកុមារកម្ពុជា នៅក្នុងបណ្ដាឆ្នាំខាងមុខទៀត។

សូមរំលឹកថា លោក បីច រីចច្នឺ បានទទួលមរណភាព នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នាវេលា ម៉ោង ២និង៤៥នាទីព្រឹក នៅប្រទេសស្វីស។

លោក ធា គ្រុយ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា ក៏បានរៀបចំទីកន្លែង សម្រាប់អុជធូប ដើម្បីជូនពរលោក បីច រីចច្នឺ ឲ្យទៅកាន់សុខគតិភព។

លោកសាស្ត្រាចារ្យ ធា គ្រុយ មានប្រសាសន៍ថា “មន្ទីរពេទ្យគន្ធបុប្ផាបើកទ្វារចំហរ នៅក្នុងទីតាំងមួយ របស់មន្ទីពេទ្យ ដើម្បីចូលរួមឲ្យប្រជាពលរដ្ឋ លោកមានឱកាសសម្ដែងការ សោកស្ដាយ ដែលបានមកអុជធូបនៅទីនេះ”។

ជាមួយគ្នានេះដែរ លោកបានបន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផា បង្កើតឡើងដោយមូលនិធិ គន្ធបុប្ផា ដែលលោក បីច រីចច្នឺ ជាអ្នកបង្កើតមូលនិធិ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកថា មន្ទីរពេទ្យគន្ធបុប្ផា មានសារៈប្រយោជន៍ ទៅដល់ពលរដ្ឋខ្មែរខ្លាំងណាស់។ ដូច្នេះអ្នកណាក៏ដោយ ក៏បានជំពាក់លោក បីច រីចច្នឺ ដែរ ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានលើកឡើងទៀតថា ការបាត់បង់លោក បីច រីចច្នឺ គឺជាការបាត់បង់ វីរបុរស ដែលសារៈប្រយោជន៍កម្ពុជាមូល ពិសេសកុមារកម្ពុជាគ្រប់រូប។

ក្នុងពិធីគោរពវិញ្ញាក្ខន្ធ លោក បីច រីចច្នឺ កាលពីថ្ងៃទី១០ កញ្ញា រដ្ឋមន្រ្តីក្រសូងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអះអាងថា មួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកា៤២លាន ដុល្លារ ដើម្បីព្យាបាលជំងឺកុមារកម្ពុជា និងទិញឧបករណ៍ ព្រមទាំងការជួសជុលសាងសង់ អាគារផងដែរ។

យោងតាមគេហទំព័រ វិគីភីឌា បានដកស្រង់ប្រវត្តិ របស់លោក បីច រីចច្នឺ ថាលោកកើតនៅថ្ងៃ ទី១៣ ខែមីនា ឆ្នា១៩៤៧ ជាជនជាតិស្វីស។ លោក បីច រីចច្នឺ បានបរិញ្ញាបត្រវិជ្ជសាស្រ្តក្នុង ឆ្នាំ១៩៧៣ លោក បីច រីចច្នឺ ធ្វើជាអ្នកឯកទេស ថែទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅស៊ូរិច។ បន្ទាប់មក លោក បានធ្វើការឲ្យកាកបាទក្រហម ស្វីស និងត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ជាទី ដែលលោក បានធ្វើការ នៅមន្ទីរពេទ្យគន្ធបុប្ផា ទីក្រុងភ្នំពេញចន្លោះឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។

មន្ទីរពេទ្យនេះត្រូវបានប្រសិទ្ធិភាពនាម ដើម្បីជាការចងចាំដល់ សម្តេចអ្នកអង្គម្ចាស់ នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុដែលបានសោយវិលាល័យក្នុងព្រះជន្មក្មេងវស្សា។

សូមរំលឹកថា មន្ទីរពេទ្យគន្ធបុប្ផា មានសាខាចំនួន៥ ដែលបានបង្កើតឡើងដោយលោក លោក បីច រីចច្នឺ៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top