ព័ត៌មានជាតិ

ប.ស.ស និងអង្គការអន្តរជាតិ ILO សហការគ្នា​ ​រិះរកជម្រើសជាក់ស្តែង ក្នុងការពង្រឹងវិសាលភាព សម្រាប់បម្រើសេវា ជូនកម្មករនិយោជិត​ ក្រៅប្រព័ន្ធ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុក ជានាយកបេឡាជាតិ របបសន្តិសុខសង្គម បានចូលរួមជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីជម្រើសជាក់ស្តែង ទាក់ទងទៅនឹងការពង្រីក វិសាលភាពគាំពារសង្គម ដល់កម្មករនិយោជិត លើវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅកម្ពុជា ដែលបានធ្វើឡើង នៅសណ្ធាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានការចូលរួម មកពីតំណាង ប.ស.ស តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសុខាភិបាល តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងផែនការ តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងនាយកដ្ឋានពេទ្យការងារ តំណាងសមាគម អ្នកសាងសង់កម្ពុជា CCA តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម CAMFEBA និង GMAC កម្មវិធីប្រព័ន្ធគាំពារសង្គម នៃសហគមន៍អឺរ៉ុប EU-SPS និងតំណាងសហជីព ចូលរួមផងដែរសរុបប្រមាណ ៥០នាក់។

ថ្លែងទៅកាន់អង្គពិធី លោកប្រតិភូបានបញ្ជាក់ថា ដើម្បីឆ្លើយតប នឹងតម្រូវការសង្គម និងសេចក្តីសង្ឃឹម របស់ប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តទី៦ នៃរដ្ឋសភា ផ្តោតសំខាន់ ទៅលើគោលនយោបាយជាតិ គាំពារសង្គម ដែលក្នុងនោះ បានផ្ដោតសំខាន់ លើការគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ មានសិទ្ធិទទួលបាន ការគាំពារសង្គម ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ នូវរបបសន្តិសុខសង្គម ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។

របបសន្តិសុខសង្គម បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងការចូលរួមលើកកម្ពស់ ផលិតភាពពលកម្ម នៅកម្ពុជា។

ការផ្តល់នូវរបបខាងលើនេះ កម្លំាងពលកម្មដ៏សកម្ម បច្ចុប្បន្នកំពុងមានភាពកក់ក្តៅ ព្រោះថាអាចធានាបាន នូវសន្តិសុខប្រាក់ចំណូល ដល់ពួកគាត់ នៅពេលមាន ហានិភ័យការងារ គ្រោះថ្នាក់ការងារ ឬជំងឺកើតឡើង ជាយថាហេតុ។

លោកប្រតិភូ បានបញ្ជាក់បន្ថែមថា វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណូល នៃថវិកាជាតិ។

ជាមួយគ្នានេះ បញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងកម្លាំងពលកម្ម ដែលជាការងារជាប្រភេទម៉ៅការ មានការផ្លាស់ប្តូរ កន្លែងការងារជាច្រើនកន្លែង ក្នុងពេលតែមួយ ដោយមិនមានឯកសារច្បាស់លាស់ ពិបាកក្នុងការគ្រប់គ្រង កម្មករភាគច្រើន មិនមានជំនាញច្បាស់លាស់ គឺប្រើប្រាស់កំលាំង និងទទួលបាន ប្រាក់ឈ្នួលទាប ហើយត្រូវការចំណាយច្រើន នៅក្នុងបន្ទុកគ្រួសារ។

ពេលខ្លះបំពេញការងារ ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ មិនមានប្រាក់សម្រាប់ព្យាបាលជំងឺ ឬពេលខ្លះទៀត អ្នកធ្វើការរកចំណូលគ្រោះថ្នាក់ រហូតដល់ពិការភាព ឬស្លាប់ ដែលធ្វើឲ្យបាត់បង់ នូវប្រាក់ចំណូលគ្រួសារ ព្រមទាំងបន្ថែមបន្ទុក ធ្ងន់ក្នុងគ្រួសារ ឈានទៅរកភាពក្រីក្រ ព្រោះមិនមានអ្វីជាទីពឹង។

ហេតុដូចនេះហើយបានជា ប.ស.ស និងអង្គការILO បានសហការគ្នារៀបចំ សិក្ខាសាលា និងជួបប្រជុំដោយផ្ទាល់ ជាមួយអ្នកជំនាញ ដែលមកពីបណ្តាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ចុះតាមការដ្ឋានសំណង់ (ក្រុមហ៊ុនOCIC គម្រោង The Olympia City) ដើម្បីប្រជុំពិគ្រោះយោបល់ត្រីភាគី ជាមួយភាគីពាក់ព័ន្ធ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងផែនការ (នាយកដ្ឋានអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ) អគ្គនាយកដ្ឋានពន្ធដារ នាយកដ្ឋាន ពេទ្យការងារ សមាគមអ្នកសាងសង់កម្ពុជា (CCA) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និង GMAC ក្រុមហ៊ុនពាក់ព័ន្ធវិស័យ សំណង់ សហជីព និងបណ្តាដៃគូអភិវឌ្ឍ ដើម្បីប្រមូលធាតុចូលសំខាន់ៗ សម្រាប់ការសិក្សាស្រាវជ្រាវដំបូង មុននឹងឈានដល់ការពង្រីក វិសាលភាពគាំពារសង្គម ដល់កម្មករនិយោជិត ក្នុងវិស័យសេដ្ឋកិច្ច ក្រៅប្រព័ន្ធនៅកម្ពុជា។

លោកប្រតិភូ សង្ឃឹមយ៉ាងមុតមាំថា កិច្ចពិភាក្សានាពេលនេះ និងទទួលបានសមិទ្ធិផលយ៉ាងច្រើន តាមការរំពឹងទុក សម្រាប់ការអនុវត្ត របបសន្តិសុខសង្គម និងដើម្បីឲ្យការងារនេះ អាចបន្តសម្រេចបាន តាមការគ្រោងទុក ខ្ញុំសូមស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគ្នា ចូលរួមចំណែកពង្រឹង និងពង្រីករបបសន្តិសុខសង្គម ស្របតាមផែនការ ដែលបានគ្រោងទុក៕

ដោយ៖ ដើមអម្ពិល

Facebook Comments

To Top