ព័ត៌មានជាតិ

ប្រតិភូកម្ពុជាពីររូប ចូលរួមក្នុងវេទិកា ច្បាប់ពាណិជ្ជកម្មអន្តរជាតិ ក្នុងគោលដៅជំរុញការគាំពារ អ្នកវិនិយោគទុនបរទេស

ភ្នំពេញ៖​ ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ និងលោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឲ្យកម្ពុជា បានអញ្ជើញចូលរួម ក្នុងវេទិការច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងអ៊ីនឈុន ប្រទេសកូរ៉េ ចាប់ពីថ្ងៃ១០-១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីរួមគ្នាផ្តល់បទពិសោធន៍ និងពិភាក្សាគ្នា ជាបណ្តាប្រទេសជាច្រើនលើសកលលោក ក្នុងការជំរុញ កិច្ចការពារអ្នកវិនិយោគទុកបរទេស។

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃទី១១ កញ្ញានេះថា វេទិការច្បាប់ពាណិជ្ជកម្មអន្តរជាតិ ជាវេទិការពិភាក្សាអំពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ ជំរុញការការពារ ការគាំពារអ្នកវិនិយោគបរទេស វិនិយោគពីប្រទេសមួយ ទៅប្រទេសមួយទៀត ដែលត្រូវការពារ និងគាំពារដោយប្រើប្រាស់ច្បាប់អន្តរជាតិ”។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ទៀតថា “បណ្តាប្រទេសជាច្រើន បានចូលរួមក្នុង វេទិការនេះ ដើម្បីពិភាក្សា ផ្តល់បទពិសោធន៍ ពីអ្នកឯកទេស មកពីអង្គការសហប្រជាជាតិ អង្គការ ស្ថាប័នផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងច្បាប់វិនិយោគ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ”។

តាមរយៈវេទិការនេះ លោក ឡុង ឌីម៉ង់ ក៏បានទទួលបទពិសោធន៍ ជាច្រើនផងដែរ ដោយលោកបានបញ្ជាក់ថា “បានមកស្វែងយល់ពីកិច្ចការគាំពារ វិនិយោគិនបរទេសដែល បានទៅបណ្តាក់ទុនធ្វើ ពាណិជ្ជកម្មនៅក្រៅប្រទេសដើម​តាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ធានាដោយអង្គការសហប្រជាជាតិ ក៏ដូចជាស្ថាប័នអន្តរជាតិ ពាក់ព័ន្ធផ្សេងៗ ដែលនេះជាមូលដ្ឋាន ចំណេះដឹងមួយទៀត សម្រាប់ខ្ញុំ ក្នុងការរួមចំណែក ការពារអ្នកវិនិយោគកូរ៉េនៅស្រុកខ្មែរ និងការពារអ្នក វិនិយោគខ្មែរនៅកូរ៉េ។

សូមជម្រាបជូនផងដែរថា សព្វថ្ងៃនេះសកម្មភាពដោះដូរ ពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េក្នុងមួយខែ មានទឹកប្រាក់ ជាមធ្យមរង្វង់៧០លានដុល្លាអាមេរិក៕

ដោយ៖ ស៊ាន កុសល

Facebook Comments

To Top