អន្តរជាតិ

នៅក្នុងលិខិតថ្មី លោក គីម ជុងអ៊ុន ស្នើសុំជួបលោក ត្រាំ ម្តងទៀត

បរទេស៖មន្ត្រីនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទទួលលិខិតមួយច្បាប់ ពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលស្នើសុំឲ្យមានជំនួបកំពូលជាលើកទី២ ហើយសេតវិមាន កំពុងតែសម្លឹងកំណត់កាលវិភាគជំនួប។

លោកស្រី Sanders បាននិយាយដូច្នេះថា “គោលបំណងចម្បងនៃលិខិតនោះ គឺធ្វើការស្នើសុំ និងសម្លឹងបង្កើតជំនួបមួយផ្សេងទៀត ជាមួយលោកប្រធានាធិបតី ហើយយើងមានភាពបើកចំហទូលាយ និងកំពុងតែដំណើរការ ធ្វើការសម្របសម្រួលរឿងនោះ”។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី Sanders បានប្រាប់អ្នកសារព័ត៌មានថា លិខិតនោះបានបង្ហាញ នូវការបន្តប្តេជ្ញា ផ្តោតលើការលុបបំបាត់នុយក្លេអ៊ែ នៅលើឧបទ្វីបកូរ៉េ ហើយលោកស្រីមាននិយាយបន្តថា ពិធីព្យុហយាត្រា ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ គឺជាសញ្ញានៃភាពល្អ ព្រោះតែវាមិនមានមីស៊ីលនុយក្លេអ៊ែ ចម្ងាយវែងណាមួយនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top