អន្តរជាតិ

និន្នាការ នៃការទិញភាពជាពលរដ្ឋ របស់អ្នកមានទ្រព្យសម្បត្តិបំផុត កំពុងមានការកើនឡើង

BBC៖ យោងតាម ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានឲ្យដឹងថា អ្នកមានទ្រព្យសម្បត្តិ ជាច្រើនកំពុងតែស្វែងរក ដើម្បីទិញលិខិតឆ្លងដែនទី២, ទី៣ ឬទី៤ ដើម្បីឱ្យមានសុវត្ថិភាព។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងដោយផ្អែកតាមការចេញផ្សាយ របស់សារព័ត៌មាន Bloomberg ថា កំពូលអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភចង់បាន “សន្តិភាពក្នុងចិត្ត” ក្នុងករណីមានបដិវត្ត ឬភាពចលាចល នៅក្នុងប្រទេសរបស់ពួកគេ។ នេះបើតាមលោក Christian Kalin ប្រធានក្រុមហ៊ុន Henley & Partners ដែលបានលើកឡើង។

ខណៈដែលប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ បានអនុញ្ញាតឱ្យអ្នករស់នៅស្របច្បាប់ ចុះឈ្មោះដើម្បីទទួលបានសញ្ជាតិ បន្ទាប់ពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យជាក់លាក់មួយមកនោះ គឺមានតែប្រទេសចំនួន ១០ប៉ុណ្ណោះ ដែលទទួលយកសញ្ជាតិរបស់ប្រជាពលរដ្ឋ។

យោងតាមអត្ថបទ របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានផ្សាយថា តម្រូវការទូទាត់ភាគច្រើន ចំពោះដំណើរការនេះ (ទិញសិទ្ធិជាពលរដ្ឋ) គឺធ្វើឡើងតាមរយៈការវិនិយោគដោយផ្ទាល់ ជាពិសេសក្នុងវិស័យអចលនទ្រព្យ ឬអាជីវកម្ម។

បើតាមទិន្នន័យរបស់ Bloomberg គឺ អូទ្រីសតម្រូវ ឲ្យមានការវិនិយោគខ្ពស់បំផុតគឺប្រហែល ២៤លានដុល្លារ ក្នុងចំណោមការលក់ចំនួន ១០ បន្ទាប់មកមានប្រទេស ស៊ីព្រូស, ម៉ាល់ត៍, និងតួកគី, វ៉ានូទូ, ហ្គ្រើណាដ, St. Petersburg. Kitts and Nevis, សាំងលូស៊ី, ដូមីនីក និងប្រទេស អង់ទីហ្គា និងបាប៊ុយដា។

បើយោងតាមកាសែត The Guardian ក៏បានផ្សាយផងដែរថា មានប្រទេសចំនួន ២៤ ដែលបានលក់សញ្ជាតិ ជាថ្នូរនឹងការវិនិយោគ លើអចលនទ្រព្យ ជំនួញ ឬមូលបត្ររបស់រដ្ឋាភិបាល។ ក្នុងចំណោមបណ្តាប្រទេសទាំងនោះ ប្រទេសនៅតំបន់សមុទ្រការាបៀន មានតម្លៃថោកជាងគេតែប្រហែល ១០០ពាន់ដុល្លារប៉ុណ្ណោះ ដើម្បីធ្វើលិខិតឆ្លងដែនរបស់ប្រទេសនេះ។

បណ្តាប្រទេសមួយចំនួនទាំងនោះ មិនបានទាមទារសំណើអ្វីច្រើននោះទេ ចំពោះការចូលសញ្ជាតិនេះ ប៉ុន្តែមានកម្មវិធីជាច្រើន ដែលហៅថា ទិដ្ឋាការមាស ដែលផ្តល់ឱ្យអ្នករស់នៅក្នុងរយៈពេលវែង ។ អត្ថបទដែលចេញផ្សាយដោយកាសែត Guardian បានលើកឡើងថា ជាធម្មតាបន្ទាប់ពីរយៈពេល ៥ឆ្នាំ, អ្នកដែលមានទិដ្ឋាការមាស នឹងអាចឈានទៅរកជំហានបន្ទាប់មួយទៀត ដោយការទិញ “សិទ្ធិពលរដ្ឋ” ។

ការគាំទ្រកំពុងកើនឡើង កម្មវិធីទាំងនេះមិនថ្មីទេ ប៉ុន្តែកំពុងកើនឡើងស្វ័យគុណ ដោយសារតម្រូវការកំពុង កើនឡើងពីវិនិយោគិនឯកជន ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ នៅក្នុងប្រទេសសេដ្ឋកិច្ចធំ ៗ ដូចជាប្រទេសវៀតណាម ចិន រុស្ស៊ី ឥណ្ឌា ម៉ិកស៊ិក និងប្រេស៊ីល, ប្រទេសនៅមជ្ឈឹមបូព៌ា និងតួកគី។

រដ្ឋដំបូងគេដែលលក់ “សិទ្ធិពលរដ្ឋ” ជាថ្នូរនឹងគម្រោងវិនិយោគទុន (CIP) គឺប្រទេស St Kitts and Nevis ដែលបានចាប់ផ្តើមនៅឆ្នាំ ១៩៨៤។ ចំពោះបណ្តាប្រទេសក្រីក្រដូចជា St Kitts and Nevisនេះ កម្មវិធីភាពជាពលរដ្ឋ សម្រាប់គម្រោងវិនិយោគ អាចជួយនាំប្រាក់ចំណេញ ដើម្បីដោះខ្លួនចេញពីបំណុល ហើយថែមទាំងក្លាយជាប្រទេស ការនាំចេញឧស្សាហកម្ម ធំបំផុតទៀតផង។

មូលនិធិរូបិយវត្ថុអន្ដរជាតិ បានប៉ាន់ប្រមាណថា ប្រទេស St Kitts and Nevis ទទួលបាន ១៤ភាគរយ នៃផលិតផលក្នុងស្រុកសរុបពី CIP ក្នុងឆ្នាំ ២០១៤។ ចំណែកបណ្តាប្រទេសអ្នកមានផ្សេងទៀត ដូចជាប្រទេសកាណាដា ចក្រភពអង់គ្លេស និងនូវែលសេឡង់ កំពុងសម្លឹងមើលសក្តានុពលក្នុងវិស័យនេះ ប៉ុន្តែប្រទេសទាំងនោះភាគច្រើនលក់ “សិទ្ធិពលរដ្ឋ” ជាថ្នូរនឹងការទាក់ទាញការវិនិយោគ ដើម្បីធានាឱ្យមានស្ថេរភាព និងសន្តិសុខសេដ្ឋកិច្ច។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្មវិធីនេះ ក៏ត្រូវបានរិះគន់ផងដែរពីអន្តរជាតិ។ ជាឧទាហរណ៍សាធារណរដ្ឋម៉ាល់ត៍ បានលក់សញ្ជាតិដល់បុគ្គលជាង ៨០០នាក់ក្នុងរយៈពេលបីឆ្នាំ បើគិតពីការបើកលក់តាំងពីឆ្នាំ ២០១៤មក ។ ក្រោយមក រដ្ឋម៉ាល់ត៍ បានប្រឈមនឹងការរិះគន់ពីសហភាពអឺរ៉ុប។ ក្រុមអ្នករិះគន់បានអះអាងថា ការលក់សិទ្ធិជាពលរដ្ឋនេះ បានធ្វើឱ្យប៉ះពាល់ដល់សញ្ញាណ នៃភាពជាពលរដ្ឋរបស់សហភាពអឺរ៉ុប បង្កឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខ និងផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់បុគ្គល ដែលមានទ្រព្យសម្បត្តិ – ឧទាហរណ៍នៅប្រទេសរុស្ស៊ី អ្នកដែលមានប្រាក់ចំណូលមិនស្មោះត្រង់ បានគេចពីការដាក់ទណ្ឌកម្ម នៅក្នុងប្រទេសខ្លួន៕

ប្រែសម្រួលៈ ដើមអម្ពិល

Facebook Comments

To Top