នយោបាយ

នាយករដ្ឋមន្រ្តី អំពាវនាវ ឲ្យអ្នកវិនិយោគចិន បន្តបណ្តាក់ទុន នៅកម្ពុជាកាន់តែច្រើន

ភ្នំពេញ ៖ ខណៈប្រទេសកម្ពុជា កំពុងមានការរីកចម្រើន ស្ទើគ្រប់វិស័យ ដោយសារ តែមាន អ្នកវិនិយោគនៅកម្ពុជាច្រើន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តធ្វើការ អំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ បន្តមកបណ្តាក់ទុន ឲ្យកាន់តែច្រើនឡើង បន្ថែមទៀត ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងការអភិវឌ្ឍ។

សម្ដេចតេជោ បានថ្លែងឱកាសអញ្ជើញឆ្លើយសំណួរមួយ ចំនួនដែលលើកឡើង ដោយក្រុម ហ៊ុនធំៗចំនួន៦ របស់ចិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ថា “ខ្ញុំសូមបន្តធ្វើការអំពាវនាវ ដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុន ក្នុងប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន​ថែមទៀត “។

សម្ដេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ដឹកនាំដោយសម្តេចផ្ទាល់ នឹងបន្តជំរុញ លើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ ចំពោះអ្នកវិនិយោគ បរទេសទាំងអស់ ក្នុងនោះរាប់​ទាំង វិនិយោគទុនចិន ដែលមានវត្តមាននៅក្នុងវេទិការនេះ​ដែលមានគម្រោងទៅបណ្តាក់​វិនិយោគនៅកម្ពុជាថ្ងៃអនាគត។

សម្ដេចបានប្រាប់ឲ្យបណ្តាក្រុមហ៊ុនចិន កុំមានការភ័យខ្លាច ទៅលើការលុបកុងត្រា ចាស់ណា​មួយ ពីសំណាក់ក្រុមហ៊ុនវិនិយោគ តែផ្ទុយទៅវិញរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ នឹងបន្តការ​ពារ​ផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់នៅកម្ពុជា។

ក្នុងឱកាសនោះដែរ នាយករដ្ឋមន្រ្តី ក៏បានគ្រោងស្នើរដ្ឋាភិបាលចិន​ផ្តល់កម្ចីសម្បទានដល់ការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា រួមមាន៖ការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់​ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេសចិន តាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសផងដែរ ៕

Facebook Comments

To Top