អន្តរជាតិ

ទីប្រឹក្សារបស់លោក ត្រាំ ព្រមានធ្វើឆ្លើយតបខ្លាំងក្លាឡើង ប្រសិនបើស៊ីរី ប្រើប្រាស់អាវុធគីមី ជាថ្មីម្តងទៀត

បរទេស៖ទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បានព្រមព្រៀងគ្នាថា ការប្រើប្រាស់អាវុធគីមីជាថ្មីរបស់រដ្ឋាភិបាលស៊ីរី នឹងទទួលបានការឆ្លើយតប កាន់តែខ្លាំងក្លាឡើង បើប្រៀបធៀប ទៅនឹងការវាយប្រហារតាមអាកាស កាលពីមុន។

ក្នុងខណៈឆ្លើយតបនឹងសំនួរ បន្ទាប់ពីថ្លែងអំពីគោលនយោបាយរួច លោក John Bolton ទីប្រឹក្សសន្តិសុខជាតិអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យើងបានព្យាយាមបង្ហាញសារថា ប្រសិនបើមានការប្រើប្រាស់ អាវុធគីមីជាលើកទី៣ ការឆ្លើយតប នឹងខ្លាំងក្លាឡើងឆ្ងាយណាស់”។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក Bolton បានថ្លែងបន្តទៀតថា “ខ្ញុំអាចនិយាយថា យើងបានធ្វើការប្រឹក្សាគ្នា ជាមួយអង់គ្លេសនិងបារាំង ដែលធ្លាប់ចូលរួមជាមួយយើង ក្នុងការវាយប្រហារតាមអាកាសលើកទី២ ហើយពួកគេ ក៏បានយល់ស្របថា ការប្រើប្រាស់អាវុធគីមីជាថ្មី នឹងបណ្ដាលឲ្យមានការឆ្លើយតបខ្លាំងក្លាឡើង”៕ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top