ព័ត៌មានជាតិ

កម្ពុជាមានសក្តានុពល ក្នុងការវិនិយោគច្រើន ដែលកំពុងរង់ចាំ អ្នកវិនិយោគមកពីចិន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាមានកន្លែងសក្តានុពលវិនិយោគធំៗ លើវិស័យអាទិភាពជាច្រើន របស់រាជរដ្ឋាភិបាល ដែលកំពុងតែរង់ចាំអ្នកវិនិយោគ មកពីប្រទេសចិន។

វិស័យធំៗទាំងនោះរួមមាន៖កសិកម្ម , ឧស្សាហកម្ម , ហេដ្ឋារចនាសម្ព័ន្ធ , សំណង់ , ឧស្សាហកម្មនាំចេញ , រ៉ែ និងថាមពល , ទេសចរណ៍ និងវិស័យហិរញ្ញវត្ថុជាដើម។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ បានឲ្យដឹងថា សម្តេចបានចូលរួម ក្នុងកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗ នៃប្រទេសចិន ដែលបានមកវិនិយោគនៅកម្ពុជាចំនួន៦ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ហើយក្នុងឱកាសនោះសម្ដេចតេជោ បានលើកឡើងថា “កម្ពុជាមានវិស័យអាទិភាព ប្រកបដោយសក្តានុពលច្រើន ដែលនៅមិនទាន់មានការអភិវឌ្ឍពេញលេញនៅឡើយ ដោយរង់ចាំការវិនិយោគដោយផ្ទាល់ ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិន និងសហគ្រិនពីប្រទេសចិន”។

ជាមួយគ្នានេះ សម្តេចឲ្យដឹងទៀតថា ក្នុងបរិបទតំបន់ដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងបន្តកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាលតែងតែធ្វើកំណែទម្រង់ ដូចជា ការរៀបចំនិងការដាក់ចេញផែនការ , គោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាលវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់វិស័យឯកជន ជាពិសេសធ្វើយ៉ាងណាជំរុញឲ្យភាពប្រកួត
ប្រជែងរបស់កម្ពុជាកាន់តែល្អប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា រយៈពេល២០ឆ្នាំ កម្ពុជាមានស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ ឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលបាន កំណើនសេដ្ឋកិច្ចខ្ពស់ គឺប្រមាណ ៧,៦% ចន្លោះឆ្នាំ ១៩៩៤-២០១៥ ដែលជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿន នៅលើពិភពលោក។ នៅឆ្នាំ ២០១៧ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាទទួលបាន ៧% ហើយរំពឹងថា កំណើតសេដ្ឋកិច្ចនឹងខ្ពស់ជាង៧% នៅឆ្នាំ២០១៨ ។

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៦ នៅតែបន្តធានាឲ្យបានស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម បរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរ សម្រាប់វិនិយោគិនបរទេស ជាពិសេស វិនិយោគិនពីប្រទេសចិន។

ដោយឡែកពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ចិន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ ប៊ីលានដុល្លារ តាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំកន្លងទៅ។

នាយករដ្ឋមន្ដ្រីក៏បានបញ្ជាក់ថា សម្រាប់ការវិនិយោគពីប្រទេសចិន មានការកើនឡើងគួរឲ្យកត់សម្គាល់ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើង ពីប្រមាណ៩០០ លានដុល្លារនៅឆ្នាំ២០១៦ ដល់ ១,៦ ប៊ីលានដុល្លារនៅឆ្នាំ២០១៧ និងក្នុងរយៈពេល៧ ខែដើមឆ្នាំ២០១៨នេះ បានកើនដល់២,៨ប៊ីលានដុល្លារ៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top