នយោបាយ

Update៖លោក កឹម សុខា បានមកដល់គេហដ្ឋានហើយ

ភ្នំពេញ៖ ក្រោយពីត្រូវបានតុលាការដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន សមត្ថកិច្ចបានជូន លោក កឹម សុខា មកដល់គេហដ្ឋានរបស់គាត់វិញ ហើយ នៅទៀបភ្លឺនេះ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដែលមានឈ្មោះថា មាជ សុវណ្ណារ៉ា – ព្រហ្មវិហារធម៌ ទសពិធរាជធម៌ បានបញ្ជាក់ថា “ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកប្រធាន កឹម សុខា ត្រូវបានដឹកពីពន្ធនាគារត្រពាំងផ្លុង មកដល់គេហដ្ឋាន របស់គាត់ហើយ”។

គួរបញ្ជាក់ថា លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា នេះថា តុលាការបាន សម្រេចដោះលែង អតីតប្រធាន គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។

អ្នកនាំពាក្យរូបនេះ បានថ្លែងឲ្យដឹងថា “តុលាការបានសម្រេចឲ្យកឹម សុខានៅក្រៅឃុំក្រោមដែនសមត្ថកិច្ច ក្រោមការអង្កេតមើល”។

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក អេង ឆៃអ៊ាង អតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ក៏បានឲ្យដឹងដែរថា “តុលាការរបបលោក ហ៊ុន សែន បានយកលោកប្រធាន កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកដល់គេហដ្ឋានរបស់គាត់ហើយ មួយម៉ោងមុននេះ (ប្រហែលម៉ោង៥ព្រឹក ម៉ោងនៅកម្ពុជាថ្ងៃទី ១០/០៩/២០១៨) ។ ឯ លោកប្រធាន កឹម សុខា នឹងទទួលបានសេរីភាពមកវិញ កំរិតណានោះ មិនទាន់ដឹងឡើយទេ”។

គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជា ណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់ កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕

 

 

Facebook Comments

To Top