ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ស ថេត នឹងត្រូវប្រកាសចូលកាន់តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ អគ្គស្នងការរង នគរបាលជាតិ ឧត្តមសេនីយ៍ឯក ស ថេត នឹងត្រូវប្រកាសចូលកាន់តំណែងជា ស្នងការនគរបាលរាជធានីភ្នំពេញ ជាផ្លូវការ ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅម៉ោងប្រមាណ១៥៖០០នាទី រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក ស ថេត នឹងត្រូវប្រកាសចូលកាន់តំណែងជំនួស នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលពិធីនេះ រៀបចំនៅសាលប្រជុំស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ពីអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មកជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានឋានៈស្មើរដ្ឋមន្រ្តី ជំនួន លោក កៅ ខុនដារ៉ា ដែលត្រូវទទួលភារកិច្ចថ្មី៕

ដោយ៖ ស៊ាន កុសល

Facebook Comments

To Top