នយោបាយ

សម្តេចតេជោ នឹងចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក លើកទី២៧ ស្តីពីអាស៊ាន ចាប់ពីថ្ងៃទី១២-១៣ កញ្ញា នៅទីក្រុងហាណូយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួម ក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោកលើកទី២៧ ស្តីពីអាស៊ាន ក្រោមប្រធានបទ «អាស៊ាន ៤.០: សហគ្រិនភាព និងបដិវត្តឧស្សាហកម្មលើកទី៤» ពីថ្ងៃទី១២ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ ឯកឧត្ដម ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១០ កញ្ញានេះ បានឲ្យដឹងថាគណៈប្រតិភូ អមដំណើរសម្ដេចតេជោ រួមមាលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងសមាជិករាជរដ្ឋាភិបាលដទៃទៀត ព្រមទាំងធុរជនពីសភាពាណិជ្ជកម្ម កម្ពុជា។

សេចក្ដីប្រកាសបន្តថា វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំនេះ នឹងជាឱកាសដ៏ល្អមួយទៀត សម្រាប់មេដឹកនាំ រដ្ឋាភិបាល អង្គការអន្តរជាតិ និងសាជីវកម្មធំៗ ដើម្បីពិភាក្សា អំពីកាលានុវត្តភាព និងបញ្ហាប្រឈម ដែលបណ្តាលមកពីបដិវត្ត ឧស្សាហកម្មជំនាន់ទីបួន ដល់រដ្ឋាភិបាលអាស៊ាន និងអង្គភាពពាណិជ្ជកម្មនានា ព្រមទាំងរិះរកមធ្យោបាយ ដើម្បីប្រើប្រាស់ នវានុវត្តន៍ និងការសហការរវាង រដ្ឋនិងឯកជន ដើម្បីទប់ទល់នឹងបញ្ហា ប្រឈមទាំងនោះ។

ក្រៅពីកិច្ចប្រជុំនេះ សម្តេចតេជោ នឹងជួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោក រ៉ានីល វីកក្រេមមេស៊ីង្ហ នាយករដ្ឋមន្ត្រីស្រីលង្កា លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម លោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ លោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមដោយសាស្ត្រាចារ្យ ក្លូស ស្វប់ ស្ថាបនិក និងជានាយកប្រតិបត្តិនៃ វេទិកាសេដ្ឋកិច្ចពិភពលោក ៕

Facebook Comments

To Top