នយោបាយ

លោក សុខ ឥសាន៖ សារអបអរសាទររបស់លោកស្រី ម៊ែរគែល ជូនសម្តេចតេជោ ជាការផ្តល់យុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការផ្ញើរសារអបអរសាទរ របស់អធិការបតី ប្រទេសអាល្លឺម៉ង់ លោកស្រី អង់ហ្សែឡា ម៊ែរគែល ចំពោះសម្តេចតេជោហ៊ុន សែន ចំពោះជោគជ័យក្នុងការបោះឆ្នោត នីតិកាលទី៦នេះ គឺជាការផ្តល់យុត្តិធម៌ ចំពោះប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ការអះអាងរបស់លោក សុខ ឥសាន បែបនេះ បានធ្វើឡើងតាមបណ្តាញទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។ បើតាមលោក សុខ ឥសាន “កាលពីចុងសប្តាហ៏កន្លងទៅនេះ លោកស្រី អង់ហ្សែឡា ម៊ែរគែលបានផ្ញើសារ អបអរសាទរមួយ មកជូនសម្តេចតេជោហ៊ុន សែន ចំពោះជោគជ័យ នៅក្នុងនីតិកាលទី៦នេះ ដោយលោកស្រី អធិការបតី ប្រទេសអាល្លឺម៉ង់នេះ បានគូសបញ្ជាក់ពីការធ្វើ សហប្រតិបត្តិការ ជាមួយព្រះរាជាណាចក្រកម្ពុជា ដោយឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលចែងពីការគោរព សិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ” ។

លោក សុខ ឥសាន បានបញ្ជាក់ទៀតថា “ការសរសេរលិខិតអបអរសាទរ ចំពោះការឡើងកាន់អំណាច របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងនីតិកាលទី៦នេះ គឺជាការបញ្ជាក់ ពីជោគជ័យនៃការបោះឆ្នោត កាលពីថ្ងៃទី២៩ កក្កដា ២០១៨កន្លងទៅ ទោះបីបណ្តាប្រទេស នៅសហគមន៏អឺរ៉ុប មិនបានបញ្ជូនអ្នកសង្កេតការណ៏ មកតាមដានត្រួតពិនិត្យ ដំណើរការ បោះឆ្នោតក៏ដោយ ។ ដូច្នេះ ការផ្ញើរសារអបអរសាទរ ចំពោះសម្តេចនាយករដ្ឋមន្ត្រីថ្មី គឺជាកាយល់ព្រមទទួលស្គាល់ លទ្ធផលបោះឆ្នោតដោយស្វ័យប្រវត្តិ ។ បើប្រមុខប្រទេសអាល្លឺម៉ង់ ទទួលស្គាល់ការបោះឆ្នោត ក៏ដូចជាបណ្តាប្រទេស នៅសហគមន៏អឺរ៉ុប ទទួលស្គាល់លទ្ធផលបោះឆ្នោតដែរ”។

លោក សុខ ឥសាន បានបញ្ជាក់បន្តទៀតថា ការផ្ញើសារអបអរសាទរ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា របស់មេដឹកនាំប្រទេសមហាអំណាច នៅក្នុងសហគមន៏អឺរ៉ុប នាពេលនេះ គឺជាការផ្តល់យុត្តិធម៌ ឲ្យប្រជាជនកម្ពុជា យ៉ាងជាក់ស្តែង មិនអាចប្រកែកបានឡើយ ៕

ដោយ៖ស៊ាន កុសល

Facebook Comments

To Top